(បាត់ដំបង)៖ ឆ្លើយតបបានយ៉ាងលឿនទាន់ពេល តាមសំណើររបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងក្រុមការងារដែលខិតខំយកចិត្តទុកដាក់ ក្នុងការសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងមង្គលបុរី អាចស្តុកទឹកបានរាប់លានម៉ែត្រគូប ដែលស្ថិតនៅភូមិម្នាស់កាល ឃុំអូរដា និងភូមិកំពង់ចម្លងក្រោម ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។
ដើម្បីឱ្យដំណើរការសាងសង់បានទាន់ពេលវេលា នោះ ដោយប្រើរយៈពេលខ្លី និងមានភាពរឹងមាំ សម្រាប់បានប្រើប្រាស់ និងស្រោចស្រពដំណាំចំការ ជាពិសេសប្រើប្រាស់នៅរដូវប្រាំង ចំពោះគម្រោងនៃការសាងសង់ទំនប់ទឹកនេះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំប នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ អមដំណើរដោយ អភិបាលរងខេត្ត, ទីប្រឹក្សាសម្តេចក្រឡាហោម និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អញ្ជើញចុះពិនិត្យដំណើរការសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងមង្គលបុរី ដែលស្ថិតនៅភូមិម្នាស់កាល ឃុំអូរដា និងភូមិកំពង់ចម្លងក្រោម ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ។
លោកអភិបាលខេត្តបាត់ដំបង បានថ្លែងថា «សម្រាប់គម្រោងសាងសង់ទំនប់ស្ទាក់ទឹកមួយនេះ គឺជាគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម តាមរយៈសំណើរសុំរបស់សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ តាមសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលបានលើកឡើងឡើងនៅក្នុងអង្គវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្តកន្លងមកនូវក្ដីកង្វល់ ពីបញ្ហាប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ និងស្រោចស្រពដំណាំនារដូវប្រាំង»។
លោកបានបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូមថ្លែងអំណរគុណផងដែរ «ដល់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានឆ្លើយតបបានយ៉ាងលឿនទាន់ពេលតាមសំណើររបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងក្រុមការងារដែលខិតខំយកចិត្តទុកដាក់ ក្នុងការសាងសង់ទំនប់ស្ទាក់ទឹកខាងលើ ដោយប្រើរយៈពេលខ្លី និងមានភាពរឹងមាំ និងអាចស្ទុកទឹកបានរាប់លានម៉ែត្រគូប សម្រាប់ឱ្យប្រជាពលរដ្ឋចំនួនឃុំ ក្នុងតំបន់ (ឃុំអូរដា និងតាក្រី ស្រុកកំរៀង) បានប្រើប្រាស់ និងស្រោចស្រពដំណាំចំការ ជាពិសេសប្រើប្រាស់នៅរដូវប្រាំង ចំពោះគម្រោងនៃការសាងសង់ទំនប់ទឹកនេះ ក្រុមការងារនឹងបញ្ចប់ការសាងសង់រួចរាល់់ នាខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ និងត្រូវដាក់ឱ្យប្រើប្រាស់ជាបណ្តាអាសន្នតាមក្រោយផងដែរ»៕