(ភ្នំពេញ)៖ បើនិយាយដល់ព្រះអង្គដងកើ នរណាក៏កោតខ្លាចនូវឫទ្ធីបារមីរបស់ព្រះអង្គដែរ។ ព្រះអង្គស្ថិតនៅចំពីមុខព្រះបរមរាជវាំង ជិតវេទិកាអុំទូក សព្វថ្ងៃជាទីសក្ការៈបូជាដ៏ស័ក្តិសិទ្ធិមួយរបស់ប្រជាជនកម្ពុជា។
ជារៀងរាល់ថ្ងៃពិសេសគឺថ្ងៃសីលតែម្តង តាំងពីព្រលឹមស្រាងៗ រហូតទល់ព្រលប់មានមនុស្សគ្រប់ស្រទាប់មកពីគ្រប់ទិសទី បានមកប្រជ្រៀតគ្នានៅចំពីមុខព្រះអង្គដងកើ ដើម្បីចូលទៅបែរបន់ផ្សេងៗ តាមបំណងរៀងៗខ្លួនរបស់ពួកគេ។
ជំនឿសាសនាបែបនេះ ហើយដែលនាំឲ្យ នៅចំណុចនោះ មានការកក ស្ទះចរាចរណ៍ ជាពិសេសនៅថ្ងៃសីលតែម្តង ហើយកម្លាំងប្រជាការពារខណ្ឌ និង សមត្ថកិច្ចតែងតែដាក់វេណប្រចាំការជួយសម្រួលនៅទីនោះ រាល់សព្វមួយដង។ ការកកស្ទះចរាចរណ៍ ជារឿងមួយត្រូវដោះស្រាយ ប៉ុន្តែកត្តាមួយទៀតនោះគឺមានអ្នក រកស៊ីលក់គ្រឿងសក្ការៈបូជា ដូចជា ធូប ទៀន ផ្កាឈូកជាដើម ថ្វាយព្រះអង្គដងកើ ជាច្រើននាក់ និងពេលខ្លះនាំគ្នារត់ដេញដណ្តើមម៉ូយ យ៉ាងអនាធិបតេយ្យទៀតផង។
ហេតុដូច្នេះហើយ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦នេះ អភិបាលខណ្ឌ ដូនពេញដូនពេញ លោក គួច ចំរើន បានឆ្លៀតពេលចុះ ទៅជួបសំណេះសំណាល ជាមួយក្រុមអាជីវករទាំងនេះ មួយសន្ទុះធំដើម្បីពន្យល់ណែនាំ និងប្រាប់ពីការ រកស៊ីទទួលទាន ប្រចាំថ្ងៃនៅតំបន់នោះ។ នៅចំពោះមុខក្រុមអាជីវករ ជាច្រើននាក់ បានប្រាប់ឲ្យមានការលក់ដូរត្រូវរក្សាអនាម័យ រក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ដោយអនុញ្ញាតឲ្យលក់តែនៅក្នុងរោងដែលអភិបាលរាជធានីភ្នំពេញធ្វើជូន មិនឲ្យយកមកលក់ក្រៅរោង នៃបរិវេណព្រះអង្គដងកើឡើយ។
ការណែនាំបែបនេះ ត្រូវបានលោក គួច ចំរើន ពន្យល់ថា ដើម្បីរក្សាភាពថ្លៃថ្នូរ កុំឲ្យមានការកកស្ទះរត់ប្រសេចប្រសាច និង ដើម្បីលើកមុខមាត់ សោភ័ណភាព នៅមុខព្រះបរមរាជវាំង ដែលជាទីកន្លែងទស្សនា របស់ភ្ញៀវជាតិ និងអន្តរជាតិ។ លោកអភិបាលខណ្ឌក៏បានប្រាប់ថា បើសិននរណា នៅតែធ្វើរបៀបនេះ មិនព្រមស្តាប់តាមការណែនាំនោះនឹងមិនអនុញ្ញាតិឲ្យលក់នោះទេ៕