(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត រួមជាមួយថ្នាក់ដឹកនាំជាច្រើនរូបទៀត នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានទទួលអំណោយពីក្រុមហ៊ុនស្រាបៀរកម្ពុជា (ខេមប៊្រូវ) និងសប្បុរសជននានាសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩។

លោក ប៉ែន កុសល្យ ក្នុងនាមអាជ្ញាធរខេត្តឧត្តរមានជ័យ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៍ របស់ក្រុមហ៊ុន និងសប្បុរសជននានា ដែលបានបរិច្ចាកធនធានផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាមួយរដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងឆ្លងរាលដាលចាប់តាំង ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

លោកអភិបាលឧត្តរមានជ័យ ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមក្រុងស្រុកនានា នៅក្នុងខេត្ត ត្រូវបន្តការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តន៍ ឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ និង៣ការពារ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ពីជំងឺកូវីដ១៩។

អំណោយដែលទទួលបានពីក្រុមហ៊ុនស្រាបៀរកម្ពុជា មានទឹកបរិសុទ្ធអង្គរពូរ៉ូ១០០កេស ភេសជ្ជះស្ទីងអ៊ិចស្ព្រេសសូ ចំនួន១០០កេស។ ដោយឡែកសប្បុរសជនឈ្មោះ លី រ័ត្នមុន្នី និងភរិយា លោកវីន ណន និងភរិយា និងលោក អ៊ុន សារ៉ន និងភរិយា បានឧបត្ថម្ភជូនរដ្ឋបាលខេត្តនៅអង្ករ ៣០០គីឡូក្រាម ទឹកសុទ្ធ៤០យួរ មី២០កេសតូច ទឹកស៊ីអ៊ីវ២០យួរ ត្រីខ២០យួរ អាល់កុល៦០លីត្រ ម៉ាស់២០ប្រអប់ និងថវិការ ១ ៤០០ ០០០រៀល៕