(ស្ទឹងត្រែង)៖ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញនៃរដ្ឋបាលខេត្តស្ទឹងត្រែង បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ នៅក្នុងសហគមន៍ជិត១០០នាក់ នៅផ្សារសាមគ្គីស្ទឹងត្រែង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ នេះបើយោងតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ដ ក៏អំពាវនាវ និងស្នើសុំដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ១៩ ដែលសង្ស័យមានការពាក់ព័ន្ធ សូមអញ្ជើញមកទទួលការយក សំណាកវិភាគដោយធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា ឬទំនាក់ទំនងក្រុមគ្រូពេទ្យ ជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត តាមរយៈលេខទូរស័ព្ទ៖ 088 636,3689 ឬ088 877 8000 ឬ 017 788 000 ឬ 097 263 0564។

រដ្ឋបាលខេត្ដបានបន្ថែមទៀតថា ដើម្បីអនុវត្តវិធានការបច្ចេកទេសយកសំណាក វិភាគរកជំងឺកូវីដ១៩ ក្នុងគោលបំណងដើម្បីបញ្ចៀសការឆ្លងរាលដាលក្នុងសហគមន៍មូលដ្ឋានខេត្ត ទ្រង់ទ្រាយធំ និងចូលរួមអនុវត្តនូវវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន។

ក្រុមគ្រូពេទ្យនឹងរង់ចាំទទួលការអញ្ជើញមកយកសំណាកធ្វើតេស្ដរកជំងឺកូវីដ១៩ នៅទីតាំងបណ្ដោះអាសន្នខាងមុខផ្សារសាមគ្គីស្ទឹងត្រែង និងទីតាំងអចិន្ត្រៃយ៍ស្ថិតនៅខាងមុខសាលាមធ្យមសិក្សា សុខាភិបាលភូមិភាគ ក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង និងមានក្រុមចល័តថែមទៀត៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដស្ទឹងត្រែង៖