(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានដឹកនាំអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ទទួលពលករមកពីប្រទេសថៃជិត ៤០០នាក់ នៅច្រកទ្វារតំបន់ព្រំដែនកម្ពុជា-ថៃ អូរអន្លក់ នៃស្រុកកំរៀង និងច្រករបៀង តាមបណ្ដោយព្រំដែន ដែលពួកគាត់ទើបត្រឡប់មកពីថៃចូលស្រុកកំណើតវិញ។ ការសម្រុកចូលស្រុកកំណើតវិញនេះ ក្រោយពេលដែលរាជរដ្ឋាភិបាល បានសម្រេចបិទបញ្ចប់ការបិទព្រំដែន កម្ពុជា-ថៃ ដែលបានអនុវត្តរយៈពេល២សប្តាហ៍មកហើយនោះ។

លោក ងួន រតន: បញ្ជាក់ថា សម្រាប់ពលករដែលជាប់គាំងនោះ បានវិលត្រឡប់មកវិញមានចំនួន៣៩៩នាក់ ក្នុងនោះមកពីច្រកទ្វារតំបន់ព្រំដែន សួន ស៊ុ (អូរអន្លក់) នៃស្រុកកំរៀងចំនួន២៨៧នាក់ និងមួយច្រកទៀតមកពីតំបន់ ច្រករបៀងក្នុងស្រុកសំពៅលូន ចំនួន១១២នាក់។

លោកថា សម្រាប់ពលករទាំងអស់ ដែលអនុញ្ញាតចូលមកស្រុកកំណើតវិញ ត្រូវបានរៀបចំចុះឈ្មោះ និងយកសំណាកតេស្ដរហ័ស ក្នុងករណីមានលទ្ធផលវិជ្ជមាន ក្រុមការងារនឹងរៀបចំដាក់គាត់ព្យាបាលនៅតាមណ្ឌលព្យាបាល តាមព្រំដែន ដែលអជ្ញាធរបានរៀបចំ។ ចំណែកអ្នកលទ្ធផលអវិជ្ជមាន នឹងដឹកជញ្ជូនពួកគាត់ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក នៅតាមបណ្ដោយព្រំដែនចំនួន១៤ថ្ងៃទៀត មុននឹងធ្វើការដឹកជញ្ជូនពួកគាត់ទៅបណ្ដាស្រុកកំណើត រៀងៗខ្លួន។

លោកអភិបាលខេត្តបានថ្លែងទៀតថា ក្នុងដំណើរការបើកព្រំដែនឡើងវិញនេះ កងកម្លាំងយោធពលខេមរភូមិន្ទ បានយករថយន្តដែលជាអំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី ដឹកពលករដែលកំពុងជាប់គាំងនៅព្រំដែនក្នុងទឹកដីថៃ ទៅព្យាបាលជំងឺ (ករណីវិជ្ជមាន) និងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កផងដែរ៕