(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងលោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ព្រមទាំងក្រុមការងារ បានប្រគល់ជូននូវអំណោយលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងសប្បុរសជនផ្សេងៗទៀត តាមរយៈមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ដែលផ្តួចផ្តើមគំនិតដោយលោក អ៊ុក ភក្ត្រា អភិបាលរងខេត្តកោះកុង ជូនដល់ប្រជាពលរដ្ឋ១០០គ្រួសារ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលស្ថិតក្នុងវត្តចាំយាម ៥០គ្រួសារ និងវត្តបាក់ខ្លង ៥០គ្រួសារ នាថ្ងៃទី១២ ខែសីហា។

នាឱកាសនោះដែរ លោកស្រី មិថុនា ភូថង សូមថ្លែងអំណរគុណដល់ទឹកចិត្តសប្បុរសរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងសប្បុរសជន ដែលបរិច្ចាកតាមរយៈមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ មានលោក ហោ សេរីវឌ្ឍន៍ ជាប្រធាន ជូនមកដល់ប្រជាពលរដ្ឋខេត្តកោះកុងនាពេលនេះ។

តំណាងប្រជាពលរដ្ឋលោកស្រីអភិបាលខេត្ត ក៏សូមកោតសរសើរពីការយកចិត្តទុកដាក់ខ្ពស់ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសការមើលឃើញពីទុកលំបាក ដែលរដ្ឋបាលខេត្តកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ប្រឈមនឹងការកើនឡើង នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

នាឱកាសនោះ លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិ បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងសូមចូលរួមគាំទ្រ នូវស្មារតីទទួលខុសត្រូវខ្ពស់ និងតួនាទីភារកិច្ចចំពោះមុខ ក្នុងនាមរដ្ឋបាលខេត្ត ដើម្បីតាមដាន និងស្វែងរកបងប្អូនប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ១៩។

លោកក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរត្រូវមាន «ក្តីសង្ឃឹម» ថា យើងអាចយកឈ្នះលើជំងឺនេះបាន បើយើងចូលរួមអនុវត្តន៍តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលជាមួយគ្នា ដើម្បីទប់ស្កាត់អោយបានការចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ និងទៅចូលសហគមន៍។

លោក ហោ សេរីវឌ្ឍន៍ ក៏បានលើកពីកត្តាសំខាន់មួយទៀត គឺប្រជាពលរដ្ឋទាំងអស់ត្រូវមាន «ជំនឿចិត្ត» លើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងរដ្ឋបាលខេត្ត ដឹកនាំដោយលោកស្រី មិថុនា ភូថង ផ្ទាល់ ដែលលោកតែងតែយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋយើង តួយ៉ាងកម្ពុជាក្លាយជាប្រទេសនាំមុខគេក្នុងតំបន់ដែលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៨លាននាក់ និងចាក់ដូសជំរុញ ឬដូសទី៣ មុនគេ សំដៅបង្កើនភាពផ្សាំជូនប្រជាពលរដ្ឋ សំដៅការពារសុខមាលភាពប្រជាពលរដ្ឋ នៅពេលដែលការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មី Delta កំពុងវាយលុកចូលប្រទេសកម្ពុជា។

អំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងសប្បុរសជនមានដូចជា លោក អ៊ុក ភក្ត្រា, លោក មាស សម្បត្តិ, លោក ឃឹម រតនា, លោក Wang Yulei និងមន្ទីរពេទ្យសូរិយា រួមមានគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ ម៉ាស់ និងថវិកា ដូចជា៖ អង្ករ ២៥គីឡូក្រាម, មី ១២កំប៉ុង, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ទឹកសុីអុីវ ៦ដប, ទឹកសុទ្ធ ៦ដបធំ, ថ្នាំពេទ្យ ៥មុខ និងម៉ាស់ ១កញ្ចប់, sកូនដបដាក់ទឹកអាល់កុលចំនួន២ និងថវិកា ២០,០០០រៀលផងដែរ៕