(ស្ទឹងត្រែង)៖ ដោយសារតែភ្លើងប្រច័ណ្ឌ បុរសជាប្តីបានយកសាំងកន្លះលីត្រ ច្រកក្នុងស្បោងគប់លើស្ត្រីជាប្រពន្ធរបស់ខ្លួន រួចកេះដែកកេះដុតបណ្តាលឲ្យឆេះរោលពេញខ្លួន ត្រូវបញ្ជូនមកមន្ទីរពេទ្យបង្អែក ខេត្តភ្លាមៗ។ ក្រោយកើតហេតុជនសង្ស័យជាប្ដី មិនបានរត់គេចខ្លួនឡើយ។ ហេតុការណ៍នេះបានកើតឡើង នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចឡឥដ្ឋ ដែង ភារម្យ ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
យោងតាមចម្លើយសារភាពរបស់បុរសជាប្តីបានសារភាពថា ខ្លួនពិតជាបានយកសាំងចំនួនកន្លះលីត្រច្រកក្នុងស្បោង យកមកគប់ដាក់ប្រពន្ធ រួចដុតពិតប្រាកដមែន។ មូលហេតុដែលបណ្តាលឲ្យគាត់ធ្វើ បែបនេះ ព្រោះតែគាត់ប្រច័ណ្ឌនឹងប្រពន្ធ ដែលនិយាយទូរស័ព្ទជាមួយប្រុសក្មេងម្នាក់ឈ្មោះ ភា ជាកម្មករឡឥដ្ឋ ធ្លាប់ធ្វើការជាមួយគ្នានៅខេត្តកំពង់ធំ ។ នៅថ្ងៃកើតហេតុ បុរសជាប្តីបានយកទូរស័ព្ទដែលបានថតសម្លេងរបស់ប្រពន្ធ និយាយជាមួយប្រុសក្មេងនោះយកមកស្តាប់ ក្រោយមករូបគាត់ក៏បានផ្ទុះកំហឹង បន្ទាប់មកក៏បានប្រព្រឹត្ត រឿងបែបនោះតែម្តងទៅ។
ជនសង្ស័យឈ្មោះ ផេង វិចិត្រ អាយុ៣៥ឆ្នាំ មានស្រុកកំណើត នៅភូមិខ្សាច់ប្រឆេះ កណ្តាល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំណែកឯជនរងគ្រោះឈ្មោះ ចៅ ហ៊ាន អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅ ភូមិចំបក់ឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ អ្នកទាំងពីរជាកម្មករឡឥដ្ឋ របស់ថៅកែម្នាក់ឈ្មោះ ដែន ភារម្យ ហៅតាឡុម ដែលមានទីតាំងស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកឯជនសង្ស័យត្រូវបានសមត្ថកិច្ច នាំខ្លួនយកអធិការដ្ឋានក្រុង ដើម្បីសាកសួរបន្ថែម ព្រមទាំងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដាក់ទោសទៅតាមនីតិវិធី៕