(កំពង់ធំ)៖ អតីតយុទ្ធជននៅខេត្តកំពង់ធំជាង ៣០០០នាក់ បានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ដូសទី៣ ដែលជាដូសជំរុញប្រភេទ AstraZeneca នៅតាមបណ្តាទីតាំងមណ្ឌលសុខភាពក្រុង-ស្រុកទាំង៩ ក្នុងខេត្តកំពង់ធំហើយ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ នៅមណ្ឌលសុខភាពព្រៃប្រស់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ជំនួសមុខឲ្យអតីតយុទ្ធជនទាំងអស់ នៅក្នុងខេត្តកំពង់ធំ បានគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងលោក ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ដូសទី៣ ដែលជាដូសជំរុញប្រភេទ AstraZeneca សម្រាប់ចាក់ជូនអតីតយុទ្ធជន ដើម្បីការពារអាយុជីវិតទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ ដែលកំពុងឆ្លងរីករាលដាលជាសកល ពិសេសនៅខេត្តកំពង់ធំ ដែលមានចំនួនអ្នកឆ្លងកើនឡើងគួរឲ្យព្រួយបារម្ភ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់អតីតយុទ្ធជនទាំងអស់ ទោះបីជាបានចាក់វ៉ាក់សាំងទាំង៣ដូសរួចហើយក្តី ត្រូវតែបន្តការប្រុងប្រយ័ត្នជាប់ជានិច្ច និងអនុវត្តន៍ឲ្យបានតាម ការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសបំផុតការអនុវត្តន៍នូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន ទើបជៀសផុត ពីការឆ្លងនូវមេរោគ ដ៏កាចសាហាវចូលក្នុងខ្លួន គ្រួសារយើង និងសហគមន៍ នៅក្នុងខេត្តកំពង់ធំ ពិសេសមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទ( ដែលតា) ដែលឆ្លងលឿនរហ័ស និងមានហានិភ័យខ្ពស់ដល់អាយុជីវិត។

សមាជិកសមាគមអតីតយុទ្ធជននៅខេត្តកំពង់ធំ ដែលបានចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ដូសទី៣ គ្រប់រូបមានសេចក្ដីរំភើបរីករាយយ៉ាងខ្លាំង និងបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងលោកទេសរដ្ឋមន្រ្តី គន់ គីម ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីបានវ៉ាក់សាំងចាក់ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំនៅពេលនេះ៕