(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជូនក្រុមចោរឆក់ចំនួន៥នាក់ ទៅសាលាដំបូងខេត្ត ក្រោយបង្ក្រាបបានបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបដៃពីជនជាតិចិនម្នាក់ កាលពីថ្ងៃទី០៧ ខែសីហាថ្មីៗនេះ ហើយជនសង្ស័យចំនួន៥នាក់នេះ គឺមានសារធាតុញៀនផងដែរ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តបានបញ្ជាក់ថា ក្រុមចោរឆក់កាបូបដៃទាំង៥នាក់នេះ ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង ១៦៖៣០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដឹកនាំដោយលោកអនុសេនីយ៍ឯក ញា វិសិដ្ឋ ប្រធានមន្ទីរស្តីទីស្រាវជ្រាវ និងបង្ក្រាបបទល្មើស។

លោកបានបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ខាងលើនេះ រួមមាន៖

ទី១៖ ឈ្មោះ វណ្ណា កែវខាឃាង (ហៅជួយ) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ទី២៖ ឈ្មោះ ជុន រដ្ឋា (ហៅចយ) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ទី៣៖ ឈ្មោះ សៀ រ៉ុង (ហៅពៅ) ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ទី៤៖ ឈ្មោះ ហុង តុលា (ហៅឡា) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
និងទី៥៖ ឈ្មោះ ផាង លីហួរ (ហៅហ័រ) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

បើតាមលោកឧត្តមសេនីយ៍មេបញ្ជាការ ការឃាត់ខ្លួនក្រុមចោរឆក់នេះ ធ្វើឡើងតាមបណ្តឹងរបស់ឈ្មោះ Dai ZhongYing ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិចិន មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខណៈដែលក្រុមចោរឆក់នេះ បានធ្វើសកម្មនៅចំណុចក្រោយផ្សារដំរី៥ សង្កាត់លេខ៤។

វត្ថុតាងដែលដកហូតបានរួមមាន ទី១៖ ម៉ូតូ ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ គ្នានស្លាកលេខ ចំនួន០១គ្រឿង, ទី២៖ ទូរស័ព្ទដៃ ចំនួន០៤គ្រឿង, ទី៣៖ កាបូបដៃ ចំនួន០១ និងលិខិតឆ្លងដែនជនជាតិចិន ចំនួន ០១ច្បាប់៕