(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ៤៧គ្រួសារទៀត នៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានទទួលអំណោយមនុស្សធម៍ពីសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ ដើម្បីជួយសម្រួលការលំបាកក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងប្រទេសកម្ពុជា។

ពិធីចែកអំណោយនេះធ្វើឡើងក្រោមវត្តមានលោក ហែម ដារិទ្ធិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ, លោកស្រី អ៊ឹម ថាវី ប្រធានអនុ សាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ លោក លោកស្រី ជាអភិបាលរងខណ្ឌ ចៅសង្កាត់ រួមនិងក្រុមការងារអនុសាខាជាច្រើននាក់ នៅបរិវេន្តវត្តអរុណវតី ស្ថិតក្នុងភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោក ហែម ដារិទ្ធិ បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីឡើយ។

លោកក៏សូមអំពាវនាវដល់គ្រួសារទាំងអស់បន្តការប្រុងប្រយត្ន័បន្ថែមទៀត និងជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ និង៣កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។

សូមបញ្ជាក់ថា នៅដើមខែសីហានេះ សង្កាត់ចំនួន៦ហើយ បានផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនពិការ៤៧គ្រួសារនេះ។ អំណោយ ផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មីមួយកេស ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ម៉ាស់១ប្រអប់ រួមនិងថវិការ ៣០ ០០០រៀលផងដែរ៕