(ភ្នំពេញ)៖ លោក ហេង ឡាលីន និងភរិយា បានចំណាយធនធានផ្ទាល់ខ្លួនធ្វើអំណោយជូនស្រ្តីដែលរងគ្រោះដោយស្នាដៃប្ដី ជះទឹកអាស៊ីតកាលពីជាង១ឆ្នាំមុន។ ការបរិច្ចាគធនធានផ្ទាល់ខ្លួនខាងលើនេះដោយសារលោក និងភរិយា បានមើលឃើញស្រ្តីរងគ្រោះរស់នៅក្នុងស្ថានភាពលំបាកយ៉ាងខ្លាំង ហើយរហូតពេលបច្ចុប្បន្ននៅពុំទាន់បានជាសះស្បើយ និងថែមទាំងធ្វើការងារទាំងខ្លួនឈឺថែមទៀតផង។

អំណោយទាំងនេះ ត្រូវបានផ្តល់ជូនលោក គ្រួច វណ្ណា ភ្នាក់ងារព័ត៌មាន Fresh News យកទៅប្រគល់ស្រ្តីរងគ្រោះរួមមាន៖ ថវិកាចំនួន១លានរៀល អង្ករ មី ត្រីខ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីវអ៊ីវ សាប៊ូ ទឹកដោះគោ ប្រេងឆា និងរបស់មួយចំនួនទៀត។ ភ្នាក់ងារព័ត៌មាន Fresh News បាននាំយកទៅប្រគល់ជូនដល់ដៃអភ័ព្វឈ្មោះ លី រ៉ានី អាយុ៥០ឆ្នាំ មុខរបរជាសន្តិសុខយាមរោងចក្រកាត់ដេរសាន់តិច និងដែលកំពុងស្នាក់បន្ទប់ជួលម្នាក់ឯង នាភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលលោកឧត្តមសេនីយ៍ទោ ហេង ឡាលីន បានជួយឧបត្ថម្ភអំណោយជូនដល់ស្រ្តីរងគ្រោះខាងលើ ដែលកន្លងមកលោក និងភរិយាធ្លាប់ជួយម្ដងរួចមកហើយ។ ចំណែកលើកនេះនៅតែមាន ការអាណិតអាសូរថែមទៀតនៅពេលបានដឹងថា ស្រ្តីអភ័ព្វរូបនោះខំតស៊ូធ្វើការទាំងដែលខ្លួនពុំទាន់បានជាសះស្បើយនៅមុខរបួសនៅឡើយនោះ ទើបលោក និងភរិយាបានផ្ដល់អំណោយជាលើកទី២ទៀត ដើម្បីជាការជួយសម្រាល នូវទុក្ខលំបាកខ្វះខាតរបស់គាត់បានមួយគ្រាដែរ។

ស្រ្តីកំសត់រូបនេះបានរៀបរាប់ប្រាប់ឲ្យអង្គភាពសារព័ត៌មាន Fresh News ថា ប្ដីក្បត់ចិត្តទៅលួចមានប្រពន្ធថ្មី និងបានចុះចោលគាត់ទៅនៅជាមួយប្រពន្ធក្រោយបាត់អស់រយៈពេលជាង៥ឆ្នាំ ទើបលេចមុខត្រឡប់មករកគាត់ និងសុំរួមរស់ជាមួយគ្នាវិញ។ ប៉ុន្តែគាត់ពុំព្រមទទួលយកវិញឡើយ ជាហេតុធ្វើឲ្យប្ដីខឹង លុះវេលាម៉ោង ១០៖១៥នាទីយប់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០កន្លងទៅ នៅពេលដែលគាត់កំពុងដើរចេញពីធ្វើការរោងចក្រ ដើទៅដល់ផ្ទះជួលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែប្ដីយកទឹកអាស៊ីតជះលើរួចរត់គេចខ្លួនបាត់។

អ្នកស្រីបាននិយាយទៀតថា អ្នកស្រីបានរងរបួសពេញផ្ទៃមុខ ក្បាល និងដងខ្លួនហើយត្រូវបានអ្នកជិតខាងនាំយកទៅសង្រ្គោះនៅឯមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ ទាំងគ្មានលុយកាក់ជាប់ខ្លួន១រៀល។ ពេលនោះបើកុំតែបានសាច់ញាតិ មិត្តភក្ដិជួយផ្ដល់ខ្លះ រួមនិងគ្រូពេទ្យជួយខ្លះម្ល៉េះគ្មានប្រាក់ព្យាបាលរបួសឡើយ ហើយគាត់ស្ថិតនៅក្នុងមន្ទីរពេទ្យរយៈពេល៣ខែ។

ដោយសារការខ្វះខាត និងជួបការលំបាកខ្លាំង ទើបចាកចេញពីមន្ទីរពេទ្យទាំងពុំទាន់ជា ហើយទៅស្នាក់នៅផ្ទះបងប្អូនឯខេត្តកំពង់ចាមមួយរយៈ រួចបន្តទៅសុំផ្ទះដន្លងស្នាក់នៅមួយរយៈទៀតមុននឹងមកស្នាក់នៅ ផ្ទះជួលធ្វើជាសន្តិសុខជាលើកទី២នេះ។

គាត់បានបន្តថា គាត់ទទួលបានប្រាក់ខែ១៨៧ដុល្លារ ប៉ុន្តែបានចំណាយទៅលើផ្ទះជួល៥០ដុល្លារ ដោយពុំទាន់បូករួមជាមួយថ្លៃហូបចុក ទឹកនិងភ្លើងនៅឡើយនៅសល់បន្តិចបន្តួចសម្រាប់ព្យាបាលរបួស។ ចំណែកប្ដីដែលជាជនដៃដល់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនកាលវេលាម៉ោង ៥៖៣០ល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ នៅភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

បន្ទាប់មកបានបញ្ជូនទៅកាន់តុលាការ ហើយត្រូវបានតុលាការសម្រេចឃុំនៅពន្ធនាគារព្រៃសហើយ។ ប៉ុន្តែទោះបីជាទទួលបានយុត្តិធម៌ និងមានការងារថ្មីធ្វើបែបនេះហើយក្ដី ក៏អ្នកស្រីនៅតែលើកដៃសំពះសុំការជួយពីសប្បុរសជន និងអាជ្ញាធរជួយដល់រូបគាត់ផង៕