(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌដូនពេញ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងល្បែងទ្រង់ទ្រាយធំមួយកន្លែង ស្ថិតនៅសង្កាត់វត្តភ្នំ ដោយឃាត់ខ្លួនមនុស្សចំនួន៣២នាក់ និងដកហូតម៉ូតូចំនួន១៤គ្រឿង ព្រមទាំងវត្ថុតាងមួយចំនួនទៀត។

ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងទ្រង់ទ្រាយធំខាងលើនេះ បានធ្វើឡើងក្រោមបទបញ្ជា និងដឹកនាំផ្ទាល់ពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ, លោក ទៀង ចាន់សារ អធិការនគរបាលខណ្ឌ និងនាយករដ្ឋបាលខណ្ឌ លោក ចាប ឌីណា ព្រមទាំងកងកម្លាំងសមត្ថកិច្ច និងប្រជាការពារជាច្រើននាក់ផ្សេងទៀត។

លោក សុខ ពេញវុធ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានសំងាត់ស្តីពីល្បែងស៊ីសងខាងលើនេះ លោកបានសុំគោលការណ៍ពីអភិបាលរាជធានីភ្នំពេញ រួចដឹកនាំកម្លាំងចុះមកបង្ក្រាបតែម្តង ដោយឃាត់ខ្លួនមនុស្សជាក់ស្តែង ចំនួន៣២នាក់ ដកហូតម៉ូតូជាង១០គ្រឿង និងវត្ថុតាងមួយចំនួនទៀត។

លោកអភិបាលខណ្ឌបានបន្តថា សម្រាប់មនុស្សទាំងនេះ និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសួរនាំ និងញែកឲ្យឃើញថាតើនរណាខ្លះជាម្ចាស់ទីតាំង និងអ្នកលេង រួចបន្តចាត់ការតាមច្បាប់មិនលើកលែងឲ្យឡើយ។

លោកថា ការលួចបើកបនល្បែងខុសច្បាប់ទាំងនេះ គឺបានបំពានវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងតែប្រឹងប្រែង និងមួយទៀតបានធ្វើឲ្យប៉ះពាល់ដល់ ក្រុមយុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សី។ សម្រាប់មនុស្សទាំងនេះ នឹងត្រូវធ្វើតេស្តរកកូវីដ ហើយបើករកឃើញវិជ្ជមានត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័ក រួចពេលចប់នឹងចាត់ការបន្តតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌដូនពេញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កំពុងតែមមាញឹកក្នុងកិច្ចការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺសកលកូវីដ១៩ ដែលកំពុងរាតត្បាតក្នុងសហគមន៍ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការការពារ និងហាមឃាត់អាជីវកម្ម សេវាកម្មមួយចំនួនដែលមានហានិភ័យខ្ពស់ មិនឲ្យដំណើរការបណ្ដោះអាសន្ន ឬដំណើរការក្នុងបរិបទគោរពតាមការណែនាំរបស់ ក្រសួងសុខាភិបាល ប៉ុន្តែក៏មានក្រុមឆ្លៀតឱកាសមួយចំនួន បានលួចលាក់បើកអាជីវកម្មខុសច្បាប់ មិនគោរពតាមការណែនាំវិធានសុខាភិបាល និងមិនគោរពច្បាប់ជាធរមាន ដែលជាកត្តាហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីដែលតា (Delta)។

រដ្ឋបាលខណ្ឌដូនពេញ នៅតែបន្ដលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទូទៅឲ្យបន្ដរាយការណ៍មករដ្ឋបាលខណ្ឌ ឬអាជ្ញាធរមូលដ្ឋាន អំពីសភាពការណ៍បទល្មើសនានាដែលកើតមានក្នុងសហគមន៍ ដើម្បីឈានដល់ការបង្រ្កាប ទប់ស្កាត់បានទាន់ពេលវេលា សំដៅចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព របស់យើងផងដែរ។ ប្រជាពលរដ្ឋអាចទាក់ទងមកលេខទូរសព្ទរបស់លោកចំនួន២ខ្សែ រួមមាន៖ 012 25 68 68 និង 097 7 256 789 ដើម្បីចុះទៅបង្ក្រាបភ្លាមៗ៕