(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ប្រភេទ AstraZeneca ជូនមន្រ្តីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីជាប់កិច្ចសន្យាដែលកំពុងបម្រើការងារ នៅខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។
បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា «អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងខេត្តត្បូងឃ្មុំ នឹងរៀបចំកម្មវិធីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ប្រភេទ AstraZeneca ដោយស្ម័គ្រចិត្ត ជូនដល់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីមូលដ្ឋាន មានដូចខាងក្រោម៖
ទី១៖ មន្ត្រីរាជការជួរមុខ (មន្ត្រីសុខាភិបាល មន្ត្រីផ្តល់សេវាសាធារណៈ និងគ្រូបង្រៀន)។
ទី២៖ មន្ត្រីនគរបាលជាតិ។
ទី៣៖ មន្ត្រីមូលដ្ឋាន (រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់)។
រដ្ឋបាលខេត្ដ បានបន្ថែមទៀតថា សម្រាប់កម្មវិធីចាក់វ៉ាក់សាំងនេះ និងមានជូនភ្ជាប់នូវតារាងបង្ហាញទីតាំងចាក់ និងថ្ងៃ ខែ ឆ្នាំ ត្រូវចាក់តាមសា្ថប័ន និងអង្គភាពនីមួយៗ តាមការរៀបចំរបស់អនុគណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្តត្បូងឃ្មុំ ក្នុងនោះសូមមេត្តាចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣កុំ និង៣ការពារ»។
ដោយឡែកចំពោះប្រជាពលរដ្ឋ ដែលមិនទាន់មានឈោ្មះចាក់វាក់សាំងកូវីដ១៩ ដូសជំរុញ ឬដូសទី៣នេះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ខេត្ត កំពុងរៀបចំកម្មវិធីចាក់ជាបន្តបន្ទាប់តាមផែនការដែលបានគ្រោងទុក។
រដ្ឋបាលខេត្តក៏បានរំឮកដល់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីមូលដ្ឋានទូទាំងខេត្ត ដែលទៅទទួលចាក់វ៉ាក់សាំងនៅតាមទីតាំងដែលបានកំណត់ និងសូមភ្ជាប់មកជាមួយនូវប័ណ្ណ ចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ និងទី២ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមកជាមួយផងដែរ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដត្បូងឃ្មុំ៖