(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃកម្ពុជា តំណាងដោយសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) តំណាងដោយ លោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យចៃកាប្រចាំប្រទេសកម្ពុជា បានសម្រេចចុះកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការជាផ្លូវការ នូវគម្រោងសហប្រតិបត្តិការបច្ចេកទេសស្តីពី «គម្រោងពង្រឹងប្រព័ន្ធបណ្តុះបណ្តាលក្នុងពេលបម្រើការងារ នៅប្រទេសកម្ពុជា»។ ពិធីចុះហត្ថលេខា បានធ្វើឡើងនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាសព័ត៌មាន រួមគ្នាចេញផ្សាយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បញ្ជាក់ថា គម្រោងនេះមានរយៈពេល ៥ឆ្នាំ និងរំពឹងថានឹងចាប់ផ្តើមនា ខែវិច្ឆិកា ឆ្នាំ២០២១ដ៏ខ្លីខាងមុខ។
គោលបំណងនៃគម្រោងខាងលើ គឺដើម្បីពង្រឹងប្រព័ន្ធបណ្តុះបណ្តាលក្នុងពេលបម្រើការងារសម្រាប់គិលានុបដ្ឋាក នៅក្នុងប្រទេសកម្ពុជា ក្នុងការបង្កើនសមត្ថភាពក៏ដូចជាជំនាញ ដោយផ្តោតសំខាន់លើគិលានុបដ្ឋាក ដែលបានចុះបញ្ជីរួច។ គម្រោងនេះនឹងរៀបចំសេចក្តីណែនាំថ្នាក់ជាតិ និងផែនការបណ្តុះបណ្តាលក្នុងពេលបម្រើការងារដ៏ទូលំទូលាយ សម្រាប់គិលានុបដ្ឋាក ក៏ដូចជាបង្កើតយន្តការដើម្បីអនុវត្តការបណ្តុះបណ្តាលជាប្រព័ន្ធលើមុខវិជ្ជា ដោយផ្អែកលើផែនការបណ្តុះបណ្តាលរួមទាំងវគ្គបណ្តុះបណ្តាលដែលមានស្រាប់។
គម្រោងនេះក៏នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃសេវាថែទាំរបស់គិលានុបដ្ឋាក ស្របតាមប្រព័ន្ធបន្តអាជ្ញាបណ្ណតាមរយៈការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត (CPD) សម្រាប់គិលានុបដ្ឋាកដែលមានស្រាប់៕