(ក្រចេះ)៖ លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ អមដំណើរដោយថ្នាក់ដឹកនាំមូលនិធិជនពិការ តំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងអាជ្ញាធរ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានចុះផ្តល់ផ្ទះថ្មីចំនួនមួយខ្នង ធ្វើពីថ្មប្រកសង្ហ័សីទំហំ៤គុណនឹង៦ម៉ែត្រ ដែលបានសាងសង់រួចរាល់ជាស្ថាពរ ជូនដល់ជនពិការឈ្មោះ ស៊ាម វ៉ាន់ រស់នៅភូមិរការកណ្តាលទី១ សង្កាត់រការកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។
ថ្លែងក្នុងឱកាសនេះ លោក ស៊ឹម សុធន បានពាំនាំនូវប្រសាសន៍ផ្ដាំសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ដែលបច្ចុប្បន្ននេះក្រសួងបាន និងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល តាមរយៈការចូលរួមកំណត់អត្ដសញ្ញាណ និងបើកផ្តល់ប្រាក់ឧបត្ថម្ភដល់ជនក្រីក្រ និងជនងាយរងគ្រោះពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ការសម្របសម្រួលដល់ជនពិការក្នុងការទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ការរៀបចំកន្លែងនិងឧបត្ថម្ភជាស្បៀងអាហារ ដល់អ្នកកំពុងព្យាបាលជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ក នៅស្រុកកំចាយមារ ខេត្តព្រៃវែង និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោកនាយក ក៏បានផ្តល់បញ្ចប់អំណោយសប្បុរសធម៌ របស់មូលនិធិជនពិការ និងមន្ទីរសង្គមកិច្ចខេត្ត ដល់គ្រួសារម្ចាស់ផ្ទះដើម្បីប្រើប្រាស់ប្រចាំថ្ងៃ និងបានផ្តាំផ្ញើឱ្យពួកគាត់ត្រូវថែរក្សាសុខភាព និងចូលរួមអនុវត្តទាំងអស់គ្នានូវវិធាន៣ការពារ៣កុំ៕