(តាកែវ)៖ តំបន់ប្រតិបត្តិការសិករងខេត្តតាកែវ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រភេទ AstraZeneca ដូសទី៣ ជូនដល់នាយទាហាន នាយរង ពលទាហាន និងគ្រួសារ នៅតំបន់ប្រតិបត្តិការសិករងតាកែវ មានទីតាំងនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ។

លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ សូមអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្តល់វ៉ាក់សាំង AstraZeneca សម្រាប់ចាក់ដូសទី៣ (ដូសជំរុញ) ដល់កងទ័ព ដែលនេះគឺជាការយកចិត្តទុកដាក់ដល់សុខភាពកងទ័ព ដែលជាកម្លាំងនៅជួមុខ។

លោកឧត្តមសេនីយ៍ នាង សុភារ៉ា បានអំពាវនាវឱ្យកងទ័ព និងក្រុមគ្រួសាទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ការពារខ្លួន កុំឱ្យឆ្លងជំងឺកូវីដ១៩ ដោយត្រូវបន្តអនុវត្តន៍ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់ប្រមុខរាជរាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ សហគមន៍ និងអង្គភាពពីការឆ្លងរាលដាលជំងឺកូវីដ១៩ បើទោះបីជាបានចាក់ថ្នាំបង្កាដូសទី៣ ហើយក៏ដោយ។

បើតាមលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ សម្រាប់កងទ័ព និងក្រុមគ្រូសារក្នុងខេត្តតាកែវ មានចំនួនជាង ១០២៧នាក់ ដែលនឹងត្រូវទទួលការចាក់វ៉ាក់សាំងដូសទី៣ នៅថ្ងៃនេះ ហើយដំណើរការចាក់វ៉ាក់សាំង គឺធ្វើតែមួយថ្ងៃនេះទេ ដោយប្រើប្រាស់ក្រុមគ្រូពេទ្យចំនួន១៥នាក់។ ដោយឡែក សម្រាប់អតីតយុទ្ធជនទូទាំងខេត្តតាកែវ នឹងត្រូវចាប់ផ្ដើមចាក់ដូសទី៣ នៅថ្ងៃស្អែកនេះ៕