(ភ្នំពេញ)៖ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការស្វីសខន់ថាក់ (Swisscontact) បានប្រកាសជ្រើសរើសបេក្ខជន-បេក្ខនារីចូលសិក្សាវគ្គបណ្តុះបណ្តាលឥតគិតថ្លៃ គ្រូបង្គោលផ្នែកគេហកិច្ច (Housekeeping) សម្រាប់ការបណ្តុះបណ្តាលប្រចាំខេត្តមណ្ឌលគិរី។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នេះឱ្យដឹងថា ការបណ្ដុះបណ្ដាលនេះធ្វើឡើងចាប់ពីថ្ងៃទី០៦-១១ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈការបណ្តុះបណ្តាលអនឡាញ និងការអនុវត្តផ្ទាល់ ដើម្បីបំពេញសមត្ថភាពជំនាញឱ្យកាន់តែល្អប្រសើរ និងបង្កើតធនធានគ្រូបង្គោលសម្រាប់ការបណ្ដុះបណ្ដាលបន្តដល់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍នៅតាមខេត្តភាគឦសានបន្តទៀត។

លោក ជួប រតនា បានបន្តថា កម្មវិធីបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្រោមការសហការគ្នារវាងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ និងអង្គការស្វីសខន់ថាក់ ក្នុងសម្ព័ន្ធជាមួយ INBAS ដែលបានសហការគ្នាជំរុញផែនការបណ្តុះបណ្តាលដល់អ្នកជំនាញនៅភូមិភាគឦសានចំនួន ១,៧០០ នាក់ និងគ្រូបង្គោល ២០០ នាក់ ដើម្បីត្រៀមស្តារវិស័យទេសចរណ៍ឡើងវិញនៅតាមខេត្តភូមិភាគឦសាន ក៏ដូចជាចូលរួមអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ដែលនឹងត្រូវអនុម័តដោយរាជរដ្ឋាភិបាលនាពេលខាងមុខ។

ចំពោះអត្ថប្រយោជន៍នៃលទ្ធផលសិក្សា និងលក្ខខណ្ឌចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលខាងលើនេះដែរ លោកអ្នកអាចពិនិត្យក្នុងឯកសាររូបភាពខាងក្រោម។

សូមចុះឈ្មោះតាមរយៈតំណភ្ជាប់៖ https://ee.kobotoolbox.org/x/i4woHrLR