(ភ្នំពេញ)៖ នារសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ (អាស្រ្តាហ្សេនីកា) ជូនដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគ្រួសារ នៅក្នុងទីតាំងសាលាអនុវិទ្យាល័យចាក់អង្រែក្រោម ដោយធ្វើឡើងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងកម្លាំងក្រោមឱវាទ រួមនឹងគ្រួសារទាំងអស់បានសម្តែងនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះសម្ដេចបានស្វះស្វែងរកជំនួយ និងបញ្ជាទិញវ៉ាក់សាំងពីបរទេសមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃបានឆាប់រហ័សទាន់សភាពការណ៍។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានណែនាំដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគ្រួសារ បើទោះបីជាបានទទួលវ៉ាក់សាំងដូសទី៣ រួចរាល់ហើយក្តី ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ កូវីដ-១៩ ជាពិសេសមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា (Delta) ដែលកំពុងមានវត្តមានជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ៕