(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌចំការមន បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមអនុវត្តឲ្យបាន ខ្ជាប់ខ្ជួននូវវិធានការ «៣កុំ និង៣ការពារ» របស់ប្រមុខ រាជរដ្ឋាភិបាល ក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីបញ្ជៀសបាន នូវការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី ដែលតា (Delta) ដែលកំពុងឆ្លងចូលក្នុងសហគមន៍ ក៏ដូចជានៅរាជធានីភ្នំពេញផងដែរ។
លោក ថេង សុថុល បានអំពាវនាវដូចនេះនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ក្នុងឱកាសនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២៥គ្រួសារ រស់នៅក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅក្នុងបរិវេណវិទ្យាល័យទួលទំពូង។
នៅក្នុងឱកាសនេះដែរលោក ថេង សុថុល ក៏បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋផងដែរ។
លោក ថេង សុថុល ក៏បានសំណូមពរដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ ពិសេសក្នុងមូលដ្ឋាន សង្កាត់ទួលទំពូង១ សូមគោរពនិងអនុវត្តនូវបម្រាមគោចរដែលបាន ដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ ព្រោះអាជ្ញាធរនឹងអនុវត្តតាមនីតិវិធីច្បាប់ មិនមានការណែនាំទៀតឡើយ ចំពោះអ្នកដែលល្មើសនឹងបំរាម ក៏ដូចជាវិធានការនានា ដែលដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាការជួបជុំផឹកស៊ីជាដើម គឺអាជ្ញាធរមានសមត្ថកិច្ចនៅពេលដែលល្បាតឃើញ គឺនឹងធ្វើការឃាត់ខ្លួន រួចយកសំណាក និងចាត់ការទៅតាមផ្លូវច្បាប់ មិនមានការលើកលែងទៀតឡើយ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្ដង ។
សូមបញ្ជាក់ថា អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋនាពេលនេះរួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអីវ ត្រីខ ម៉ាស និងថវិកាមួយចំនួនផងដែរ៕