(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តស្វាយរៀង បានប្រគល់អំណោយ និងស្បៀងសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជូនរដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តស្វាយរៀង។
ក្នុងឱកាសនោះដែរ លោកស្រី ម៉ែន សំអន បានបន្ដថា ជំនួយដែលបានផ្តល់ជូននាពេលនេះ គឺជាការចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបប្រទះនូវជីវភាពខ្វះខាត និងជួបការលំបាកនៅក្នុងអំឡុងពេល នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាពិសេស បានជួយសម្រាលបន្ទុកដល់ពលករចំណាកស្រុកដែលបានត្រលប់មកបន្តធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះនៃខេត្តស្វាយរៀង ស្របតាមអានុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ដែលផ្តោតជាសំខាន់លើការយកចិត្តទុកដាក់ដល់ពលករ ដែលបានឆ្លងចូលមកស្រុកកំណើតតាមតំបន់ព្រំដែនកម្ពុជា-ថៃ។
លោកស្រីបានបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពកូវីដ១៩ នៅកម្ពុជាបាននឹងកំពុងឈានទៅរកភាពកាន់តែប្រសើរហើយ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថាទាំងចំនួនអ្នកឆ្លង និងអ្នកស្លាប់បានថយចុះគួរឱ្យត់សម្គាល់ ក្រោមការគិតគូរ និងការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដោយបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ និងការគិតគូរដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ប៉ុន្តែទោះជាយ៉ាងនេះកី្ត យើងក៏នៅតែបារម្មណ៍អំពីការឆ្លងនៃមេរោគបំផ្លែងខ្លួនថ្មី Detal (ដែលការចម្លងមានល្បឿនលឿន) ដែលទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ត្រីសុខាភិបាល ត្រូវបង្កើនការយកចិត្តទុក្ខដាក់ក្នុងការការពារបន្ថែមមួយកម្រិតទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់ផ្តាច់នៃការចម្លងដែលកើតចេញពី«ព្រឹត្តិការណ៍ ២០ កុម្ភៈ»។
សូមបញ្ជាក់ដែរថា អំណោយដែលបានប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀងថ្ងៃនេះរួមមាន៖ សម្លៀកបំពាក់ពេទ្យ PPE ១,០០០ឈុត, អង្ករ ២តោន, ទឹកសុទ្ធ ២០០កេស, ម៉ាស់ ១០០,០០០ម៉ាស់, ថ្នាំបុរាណចិន ៤០០ប្រអប់, ស្បែកជើង ១០០គូរ, មី ១០០កេស, ត្រីខ ១០០កេស, ភួយ ៥០០ភួយ, ទឹកត្រី ១០០យួរ និងទឹកស៊ីអ៊ីវ ១០០យួរ ក្នុងនោះផងដែរក៏មានអំណោយរបស់សមាគមមិត្តភាពកម្ពុជា-ចិន រួមមាន៖ ម៉ាស៊ីនជំនួយ អ៊ុកស៊ីហ្សែន ១ម៉ាស់ និងអាវពេទ្យ៕