(សៀមរាប)៖ រដ្ឋបាលស្រុកក្រឡាញ់ បានសម្រេចបិទខ្ទប់ផ្សារដើមក្រឡាញ់ ជាបណ្ដោះអាសន្ន ក្រោយរកឃើញអាជីវករ និងអ្នកពាក់ព័ន្ធ៥នាក់ទៀត មានវិជ្ជមានជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចដែលចេញផ្សាយនៅយប់ថ្ងៃទី១២ ខែសីហា រដ្ឋបាលស្រុកក្រឡាញ់ បញ្ជាក់ថា នៅថ្ងៃទី១១ ខែ សីហា រដ្ឋបាលស្រុកបានបន្តរកឃើញអាជីវករម្នាក់ទៀតមានវិជ្ជមានជំងឺកូវីដ១៩ មានមុខរបរជាជាងប៉ះកង់រថយន្ត ក្បែរផ្សារក្រឡាញ់។ អ្នកជំងឺនេះមានឈ្មោះ ចាន់ សារុន ភេទប្រុស អាយុ ៦៥ឆ្នាំ បានចម្លងបន្តទៅកូន ក្មួយ និងអ្នកស្គាល់ម្នាក់ទៀត សរុបទាំងអស់ ៥នាក់។ តួលេខនេះ បន្ថែមទៅលើអាជីវករមា្នក់ដែលបានរកឃើញកាលពីថ្ងៃទី៦ ខែសីហា និងបានចម្លងទៅកូនប្រុសម្នាក់អាយុ ៨ឆ្នាំ។
តាមរដ្ឋបាលស្រុកក្រឡាញ់ អ្នកពាក់ព័ន្ធខ្លះជាមួយអ្នកជំងឺខាងលើ មានប្រវត្តិចេញចូលផ្សារក្រឡាញ់ ហេតុដូច្នេះទើបអាជ្ញាធរសម្រេចបិទខ្ទប់ការចេញ-ចូល ជាបណ្ដោះអាសន្ន ផ្សារក្រឡាញ់ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២ ខែសីហា រហូតដល់មានជូនដំណឹងជាថ្មីឡើងវិញ។
បន្ថែមពីនេះ រដ្ឋបាលស្រុកក្រឡាញ់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករក្នុងផ្សារក្រឡាញ់ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ និងអ្នកធ្លាប់បានចេញ-ចូល ផ្សារក្រឡាញ់ ចាប់ពីថ្ងៃទី៥ ខែសីហា ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលស្រុកនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ៕