(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋចំនួន៣១គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ កន្លងមកក្នុងសង្កាត់ទួលល្វា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងនាមលោកស្រី ជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានសំដែងការសោកស្តាយយ៉ាងខ្លាំង ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់នេះ លោកស្រីក៏សូមនាំបណ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសម្តេច សូមចូលរួមសោកស្តាយ នូវការបាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់បងប្អូន ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ។
លោកស្រី បាន ស្រីមុំ បានអំពាវនាវឲ្យបងប្អូនទាំងអស់ក្នុងខេត្ត មានការប្រុងប្រយ័ត្នពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយមានបម្រែបម្រួលអាកាសធាតុ រដូវនេះមានភ្លៀងធ្លាក់កក់ខែ នាំមកនូវខ្យល់កន្រ្តាក់ រន្ទះ ដូចនេះសូមឲ្យបងប្អូនទាំងអស់ ក្នុងការរស់នៅ និងប្រកបមុខរបរស្រែ ចំការ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នា ។
នាឱកាសនេះលោកស្រី សូមចូលរំលែកទុក្ខលំបាកចំពោះពុក ម៉ែបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះធម្មជាតិនាពេលនេះ សូមផ្តល់ជាអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាខេត្ត ដែលមួយគ្រួសារៗនូវអង្ករ ៣០គីឡូក្រាម មី ៣កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី១យួរ ឃីត១មាន ( មុង ភួយ ក្រម៉ា សារ៉ុង ) តង់១ និងថវិកា៧ម៉ឺនរៀល ចំពោះគ្រួសាររងគ្រោះធ្ងន់២គ្រួសារ ដែលរលំផ្ទះទាំងស្រុងទទួលបានបន្ថែម ក្នុងមួយគ្រួសារៗ ស័ង្កសី២៨សន្លឹក ហើយលោក អ៊ី ឈាន ប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជា និងលោកស្រី ព្រមទាំងក្រុមការងារជួយជួសជុល សាងសង់ផ្ទះទាំង២ខ្នង ជូនប្រជាពលរដ្ឋ២គ្រួសារ ដែលមានជីវភាពក្រីក្រលំបាកគ្មានលទ្ធភាព សាងសង់ផ្ទះដើម្បីជាទីជម្រកបាន។
ក្នុងឱកាសនោះដែរលោកស្រី បាន ស្រីមុំ បានថ្លែងអំណរគុណដល់លោក ជា គា អនុប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី និងសប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកឧបត្ថមថរិកា សម្ភារៈដល់បងប្អូនប្រជាពលរដ្ឋជួបគ្រោះនាពេលនេះ៕