(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋ១៥គ្រួសារ រស់នៅភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានប្តឹងចោទប្រកាន់លោកមេភូមិកំពង់រាំងថា បានយកដីលំនៅឋានរបស់ពួកគាត់ទៅចែកជូនប្រជាពលរដ្ឋផ្សេង និងបានស្នើសុំអភិបាលខេត្តកំពង់ឆ្នាំង ជួយអន្តរាគមន៍ក្នុងរឿងនេះ។

ក្នុងការបំភ្លឺរបស់លោកមេឃុំ និងលោកមេភូមិកំពង់រាំង ដែលធ្វើឡើងនៅសាលាឃុំស្វាយ កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានបដិសេធ និងថាជារឿងចោទប្រកាន់។

ប្រជាពលរដ្ឋទាំង១៥គ្រួសារជាម្ចាស់ដីដើម បានលើកឡើងថា ពួកគាត់ទាំង១៥គ្រួសារ កន្លងមកបានរស់នៅក្នុងភូមិកោះកែវ។ ប៉ុន្តែក្នុងឆ្នាំ១៩៩៨ ត្រូវបានកាត់ចេញជាភូមិកំពង់រាំង ឃុំស្វាយជ្រុំវិញ គឺកាលណោះអាជ្ញាបានបំបែកភូមិ។ ពេលនោះលោកមេភូមិកំពង់រាំងចាស់ បានចែកដីឱ្យពួកគាត់ទាំង១៥គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានដីសម្រាប់សង់លំនៅដ្ឋានតាមផ្លូវរទេះមានទំហំ ៥០ម៉ែត្រ គុណនឹង៥០ម៉ែត្រ ដោយមានលិខិតស្នើសុំកាន់កាប់ដីធ្លីត្រឹមត្រូវ ទទួលស្គាល់ដោយលោកមេភូមិចាស់ និងលោកមេឃុំចាស់ផងដែរ។

ក្រោយមកនៅក្នុងអំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១ នេះស្រាប់តែលោក ឈឹម គឿន មេភូមិកំពង់រាំងថ្មី បានយកដីរបស់ពួកគាត់ទៅចែកចាយឱ្យប្រជាពលរដ្ឋផ្សេង សង់លំនៅដ្ឋានរស់នៅទៅវិញ។ ដោយលោកមេភូមិថ្មី មិនទទួលស្គាល់លិខិតស្នើសុំកាន់កាប់ ដីខាងលើនេះ របស់មេភូមិចាស់ និងមេឃុំចាស់ថ្មីនោះឡើយ។

កាលអំឡុងខែសីហា ឆ្នាំ២០១៧ ពួកលោកធ្លាប់ធ្វើលិខិតប្ដឹងទៅលោកមេឃុំស្វាយជ្រុំម្ដងរួចមកហើយ តែគ្មានដំណោះស្រាយទើបឆ្នាំ២០២០ និងឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋបានមកសង់លំនៅដ្ឋានលើដីរបស់ពួកគាត់ តាមការអនុញ្ញាត្តិពីលោកមេភូមិ ឈឹម គឿន។ ហេតុនេះពួកគាត់សំណូមពរដល់លោកអភិបាលខេត្ត ជួយរកយុត្តិធម៌ជូន ពួកគាត់ទាំង១៥គ្រួសារ ដោយសុំធ្វើយ៉ាងណាឈ្នះៗទាំងអស់គ្នា។

ក្នុងការបំភ្លឺពីអាជ្ញាធរឃុំ និងភូមិដែលបានធ្វើឡើងនៅក្នុងសាលាឃុំស្វាយជ្រុំ នាល្ងាចថ្ងៃទី១២ ខែសីហា លោក ឈឹម គឿន មេភូមិកំពង់រាំង និងលោក អឿ លី សមាជិកភូមិ បានបំភ្លឺថា ពួកគាត់ជាមេភូមិថ្មី នៅឆ្នាំ២០២១ ពួកគាត់មិនដឹងរឿងចាស់ អាជ្ញាធរភូមិចាស់ ចែកដីឱ្យពួកគាត់បែបម៉េចទេ ហើយពួកគាត់ជាមេភូមិថ្មី ក៍មិនបានយកដីខាងលើនេះ ចែកឱ្យប្រជាពលរដ្ឋផ្សេងនោះឡើយ។

ករណីខាងលើនេះ គឺប្រជាពលរដ្ឋដែលឡើងពីមាត់ទន្លេ បានចូលកាន់កាប់សាងសង់ផ្ទះរស់នៅលើដីខាងលើនេះ ដោយខ្លួនឯង មានរយៈពេលប្រមាណជាង១០ឆ្នាំមកហើយ ចុះហេតុអីពេលគេមកសងលំនៅដ្ឋានរស់នៅជាង១០ឆ្នាំមកនេះ ភាគី១៥គ្រួសារ មិនព្រមតវ៉ាហើយទើបមកតវ៉ាពេលនេះទៅវិញ។

លោក យី ភួន មេឃុំស្វាយជ្រុំ បានអះអាងថា នៅសប្តាហ៍ក្រោយនេះលោកនឹងដឹកនាំក្រុមការងារចុះទៅស្រាវជ្រាវអោយបានច្បាស់លាស់នៅលើដីទំនាស់ របស់ប្រជាពលរដ្ឋទាំង១៥គ្រួសារ និងដីទំនាស់បឹងគោឈ្មោលរបស់ប្រជាពលរដ្ឋមួយគ្រួសារ។ ដោយលោកស្នើសុំលោកមេភូមិកំពង់រាំង ជួយហាមឃាត់ភាគីប្រជាពលរដ្ឋផ្អាកការសាងសង់លំនៅដ្ឋាន នៅលើដីទំនាស់ជាបណ្តោះអាសន្នសិន ទុកឱ្យអាជ្ញាធរឃុំ ចុះស្រាវជ្រាវជាក់ស្តែងលើដីទំនាស់ដើម្បីដោះស្រាយរឿងនេះ ស្របតាមគោលនយោបាយឈ្នះឈ្នះ ដែលអាចទទួលយកបានទាំងអស់គ្នា ដើម្បីបញ្ចប់ទំនាស់នេះ៕