(កំពង់ចាម)៖ មូលនិធិជនពិការ បានប្រគល់ផ្ទះ១ខ្នងទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រ ដល់គ្រួសារជនពិការក្រីក្រនៅភូមិអូរប៉ិ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ស៊ឹម សុធន នាយកមូលនិធិជនពិការ ថ្នាក់ដឹកនាំមូលនិធិជនពិការ លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម ប្រធានសាខាមូលនិធិជនពិការខេត្ត និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

លោក ស៊ឹម សុធន បានថ្លែងអំណរគុណដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត សាខាមូលនិធិជនពិការខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋានដែលបានសហការគ្នាក្នុងការស្វែងរក និងសម្របសម្រួលឯកសារនានា ដើម្បីផ្ដល់ជូនមូលនិធិជនពិការសម្រាប់ធ្វើការវាយតម្លៃ និងផ្តល់ផ្ទះជូនជនពិការក្រីក្រក្នុងខេត្តកំពង់ចាម។

លោកបានបន្តថា បើទោះជាការរីករាលដាលនៃជំងឺកូវីដ-១៩ មិនទាន់បានបញ្ចប់ក្តី ក៏មូលនិធិជនពិការតាមរយៈមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាមរបស់ខ្លួន នៅតែបន្តផ្ដល់សេវាជូនដល់បងប្អូនជនពិការដូចជា៖ ការផ្ដល់និងជួសជុលឧបករណ៍អវយវៈសិប្បនិម្មិត-រណប-រទេះរុញ ការព្យាបាលដោយចលនា ការព្យាបាលកុមារពិការចលករខួរក្បាល ការសម្របសម្រួលរកការងារអោយធ្វើ និងការសម្របសម្រួលបញ្ជូនជនពិការទៅទទួលសេវាផ្សេងៗទៀត ជាដើម។

ជាមួយគ្នានេះ មូលនិធិជនពិការក៏បានធ្វើការយ៉ាងជិតស្និតជាមួយអង្គការ HI ក្នុងការរៀបចំឧបករណ៍សុវត្ថិភាពនានា ក៏ដូចជាដាក់ចេញវិធានការការពារជំងឺកូវីដ-១៩ ដើម្បីឱ្យជនពិការដែលមកទទួលសេវាមានទំនុកចិត្តផងដែរ។

ក្រៅពីផ្ទះ១ខ្នងនេះ ជនពិការខាងលើក៏ទទួលបានអំណោយសប្បុរសធម៌ពីមូលនិធិជនពិការផងដែររួមមាន៖ ថវិកា១០ម៉ឺនរៀល អង្ករ២៥គីឡូក្រាម មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ និងអំបិល១គីឡូក្រាមផងដែរ៕