(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចសេក្តីសម្រេចដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន រយៈពេល ០៧ថ្ងៃបន្ថែមទៀត គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។

បើតាមសេក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា ត្រូវផ្អាកជាបណ្តោះអាសន្ននូវរាល់សេវាកម្មមួយចំនួនដូចខាងក្រោម៖

*សកម្មភាពមុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទជាអាទិ៍៖ ខារ៉ាអូខេ ឌីស្កូរតែក និងបៀហ្គាឌីន រមណីយដ្ឋានធម្មជាតិ សួនកម្សាន្តនានា អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ សារមន្ទីរ បណ្ណាល័យ ការប្រគុំតន្ត្រី ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។
*សកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ដោយយោងតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
*រាល់សកម្មភាពនៃការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី១០នាក់ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
*រាល់ការជួបជុំ ឬប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹង និងល្បែងស៊ីសងគ្រប់ប្រភេទ។
*រាល់ការជួបជុំក្រាលកន្ទេលអង្គុយហូបអាហារតាមសួនច្បារ ម្លប់ឈើ និងតាមទីកម្សាន្តនានា ដែលមិនបានរក្សាគម្លាតសុវត្ថិភាព។
*សកម្មភាពអាជីវកម្មពេលរាត្រី រួមមានតូបលក់ចល័ត ម៉ាត ហាងលក់ទំនិញគ្រប់ប្រភេទ ការជួបជុំនៅតាមទីសាធារណៈនានា ដែលមានសភាពអ៊ូអរ និងការជួបជុំមនុស្សច្រើនត្រូវហាមឃាត់ចាប់ពីម៉ោង២១៖០០នាទី ដល់ម៉ោង០៣៖០០នាទីជាកំហិត។
*សកម្មភាពប្រមូលផ្តុំមនុស្ស ក្នុងការថ្វាយបង្គំតាមបែបសាសនា។

បន្ថែមពីនេះរដ្ឋបាលខេត្ត បានបញ្ជាក់ថា ត្រូវបានលើកលែងរាល់សកម្មភាពមួយចំនួនដូចខាងក្រោម៖

*ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋានជាមួយគ្នា ឬទីសំណាក់ជាមួយគ្នា, ការរៀបចំ ពិធីបុណ្យសព ដោយត្រូវកម្រិតមិនឱ្យមានការជួបជុំមនុស្សក្នុងទ្រង់ទ្រាយធំ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាល និងតាមការកំណត់របស់អាជ្ញាធរមូលដ្ឋាន។

*រាល់ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាលជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩, ការជួបជុំបុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងៗទៀត និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ក្នុងការបំពេញបេសកកម្មថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ការជួបជុំមនុស្សក្នុងអំឡុងពេល នៃកិច្ចនីតិវីធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬរបស់សាលាជម្រះក្តី និងការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀត តាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

*ការធ្វើសកម្មភាពការងារចាំបាច់មួយចំនួនជាអាទិ៍ ការធ្វើដំណើររបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ការដឹកជញ្ជូនទំនិញ និងគ្រឿងឧបភោគបរិភោគ ទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ សេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាលទាំងរដ្ឋ និងឯកជន ឱសថស្ថាន សេវាពន្លត់អគ្គីភ័យ សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត ស្ថានីយ៍ប្រេង-ហ្គាស សេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍ ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឱ្យការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងសេវាសាធារណៈចាំបាច់ របស់ស្ថាប័នមានសមត្ថកិច្ច។

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង៖