(សៀមរាប)៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តសៀមរាប បានចូលរួមសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយឥស្សរជនជាអតីត មន្ត្រីដែលធ្នាប់បំរើការងារ នៅក្នុងអង្គភាពយោធាខេត្តសៀមរាប ចាប់ពីមេបញ្ជាការវរៈសេនាតូច នាល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។
ក្នុងពិធីសំណេះសំណាលនោះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានរំលឹកពីប្រវត្តិការងារ របស់ថ្នាក់ដឹកនាំ និងមន្ត្រីប្រមាណ ២០០នាក់ ដែលជាអតីតថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួនធំ។ អតីតមន្រ្តីទាំងនោះ បានវិវឌ្ឍន៍ខ្លួនក្លាយជាថ្នាក់ដឹកនាំ ក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋាន កងទ័ពជើងគោក តាមបណ្តាលយុទ្ធធិភូមិភាគ កងពលធំ កងពលតូច ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការស៊ីវិល ហើយមួយចំនួនបានចូលនិវត្តន៍ ។
បន្ថែមលើសពីនោះ នាយឧត្តមសេនីយ៍ ស៊ុំ សំណាង អតីតប្រធានភស្តុភាយោធាខេត្ត និងបច្ចុប្បន្នជាអគ្គនាយកអគ្គនាយកដ្ឋាន ភស្តុភា ហិរញ្ញវត្ថុ ក្រសួងការពារជាតិ តំណាងឲ្យអតីតមន្រ្តីយោធា បានរំលឹកឡើងវិញនូវអតីតកាល និងការលំបាកនានា ដែលធ្នាប់ហែលឆ្លងជាមួយគ្នា ក្នុងការតស៊ូ លះបង់ ដើម្បីទប់ស្កាត់ការប៉ុនប៉ង វិលត្រឡប់មកវិញនូវរបបប្រល័យពូជសាស ប៉ុលពត ដ៏យង់ឃ្នោង និងខ្មៅងងឹត ចាប់ពីឆ្នាំ១៩៧៩ រហូតធ្វើ ប្រទេសជាតិ មានរីកចំរើន ដូចសព្វថ្ងៃ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានកោតសរសើ លោក ឃឹម ប៊ុនសុង អតីតមេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងសៀមរាប និងបច្ចុប្បន្នជាអភិបាលខេត្តសៀមរាប ដែលរៀបចំពិធីជួបជុំអតីតមន្ត្រី យោធាជាលើកដំបូងនេះ ។
ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បន្តថា រូបលោកមានអារម្មណ៍រំភើប បានជួបសំណេះសំណាល និងសាកសួរ សុខទុក យុទ្ធជន យុទ្ធនារី ដោយផ្ទាល់។ ក្រុមអតីតមន្រ្តីទាំងអស់នោះ សុទ្ធតែជា អ្នកបម្រើ និងជាអ្នកការពារជាតិមាតុភូមិ បានលះបង់គ្រប់បែប យ៉ាងនិងអ្នកខ្លះ រហូតលះបង់អាយុជីវិត ដើម្បីការពារដាច់ខាតមិនឲ្យការប៉ុនប៉ង នូវរបបដ៏ខ្មៅងងឹតក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៧៩ វិលត្រឡប់មកវិញ ហើយធ្វើឲ្យ ប្រទេសជាតិបច្ចុប្បន្ន មានការអភិវឌ្ឍលើគ្រប់វិស័យ ចាប់ពីបាត់ពីបាទដៃទទេ៕