(ស៊ីរី)៖ លោក Asaad al-Zoubi មន្ត្រីយោធាជាន់ខ្ពស់ និងជាគណៈប្រតិភូរបស់ប្រទេសស៊ីរី បានថ្លែងឲ្យដឹងថា បច្ចុប្បន្នមានអង្គភាពយោធាកូរ៉េខាងជើងធំៗចំនួន២ កំពុងតែចូលរួមប្រយុទ្ធនៅក្នុងសមរភូមិក្នុងប្រទេសស៊ីរី ដើម្បីកម្ចាត់ក្រុមឧទ្ទាម និងក្រុម ISIS នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី TASS ចេញផ្សាយនៅថ្ងៃអាទិត្យទី២៧ ខែមីនា។
លោក Asaad al-Zoubi បានបញ្ជាក់ថា អង្គភាពយោធាធំៗចំនួនពីរនោះ មានឈ្មោះថា Chalma-1 និង Chalma-7 ដែលបច្ចុប្បន្នមានទ័ពជាច្រើន អបដោយអាវុធទំនើប បាននិងកំពុងតែឈរជើងនៅក្នុងសមរភូមិក្នុងប្រទេសស៊ីរី។ «បើទោះបីជាកូរ៉េខាងជើង មានជម្លោះជាមួយនឹងលោកខាងលិច និងបណ្ដាប្រទេសជិតខាងក្ដី ពាក់ព័ន្ធនឹងរឿងបាញ់សាកនុយក្លេអែរ ប៉ុន្តែសម្រាប់ប្រទេសស៊ីរ និងកូរ៉េខាងជើងគឺជាមិត្តភក្ដីដ៏ស្និទស្នាលបំផុត»។ នេះជាសំដីរបស់លោក Asaad al-Zoubi ថ្លែងប្រាប់សារព័ត៌មានខាងលើ។
គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងមិត្តភាពដ៏ស្និទស្នាលរបស់ស៊ីរី និងកូរ៉េខាងជើង បានកើតមានឡើងតាំងពីឆ្នាំ១៩៧០ ដោយកូរ៉េខាងជើង បានទំនុកបម្រុងដល់ស៊ីរី នូវគ្រឿងសព្វាវុធ ប្រព័ន្ធការពារមីស៊ីល ទាំងខាងបច្ចេកទេស និងសម្ភារៈ ពិសេសថែមទាំងជួយសាងសងរោងចក្រនុយក្លេអែរថែមទៀតផង ប៉ុន្តែរោងចក្រនោះត្រូវបានបំផ្លាញទៅវិញដោយសារតែការវាយប្រហារតាមដែនអាកាសរបស់អ៊ីស្រាអ៊ែល កាលពីឆ្នាំ ២០០៧៕