(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដឹកនាំនាយ នាយរង ដែលជាប្ដី ឬប្រពន្ធ នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង យកសំណាកលើឧបករណ៍ (Rapid test) RT និងធ្វើតេស្ត PCR ទៀត រងចាំលទ្ធផល នៅពេលក្រោយ។
បន្ទាប់ពីទទួលបានលទ្ធផល Rapid Test អវិជ្ជមាន ទើបទទួលបានការចាក់វ៉ាក់សាំងអាស្រា្តហ្សេនីកា (ដូសជំរុញ ឬដូសទី៣) ដែលជាការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការដឹកនាំបញ្ជាពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានគូសបញ្ជាក់ទៅកាន់នាយ នាយរងអាវុធហត្ថ និងក្រុមគ្រួសារ អំពីការគិតគូរដល់សុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន ចំពោះមន្ដ្រីរាជការជួរមុខ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ទើបទាំងអស់គ្នាទទួលបាននូវការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះ ដើម្បីយកឈ្នះពីជំងឺកូវីដ១៩។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្ត តែងតែផ្ដល់កិច្ចសហប្រតិបត្តិការ ជាមួយកម្លាំងសុខាភិបាលរបស់កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្នុងការយកសំណាករកមេរោគកូវីដ១៩ ដែលការយកសំណាកនេះ គឺត្រូវបានធ្វើឡើងយ៉ាងទៀតទាត់តាមការកំណត់ផងដែរ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានបន្ដក្រើនរំលឹក និងណែនាំជាប្រចាំដល់នាយ នាយរងអាវុធហត្ថខេត្តស្ទឹងត្រែងទាំងអស់ ត្រូវអនុវត្តតាមវិធានការ ៣កុំ ៣ការពារ និងវិធានការរបស់ក្រសួងសុខាភិបាលជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ និងការជំងឺកូវីដ១៩៕