(វិទ្យាសាស្ត្រ)៖ ជាការពិតណាស់ឥឡូវនេះគឺឆ្នាំ ២០១៦ ហើយ ដែលវាជាពេលដ៏តានតឹង សម្រាប់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលជាអ្នកនាំមុខគេក្នុងបេសកកម្មទៅកាន់ភពអង្គារ។ ប៉ុន្តែវាមិនមែនតែអាមេរិកទេ ដែលកំពុងតែសិក្សាស្រាវជ្រាវរឿងនេះយ៉ាងលំបាកលំបិន ក្នុងនោះអឺរ៉ុប រុស្ស៊ី និង ឥណ្ឌា ក៏បាននិងកំពុងធ្វើវាយ៉ាងសកម្ម ផងដែរជាមួយនឹងផលលំបាកនៃស្ថានភាពសេដ្ឋកិច្ចរៀងៗខ្លួន។
បើប្រៀបធៀបជាមួយអង្គការផ្សេងៗ NASA ហាក់នាំមុខគេខ្លាំងក្នុងបេសកកម្មភពអង្គារ ទាំងការចុះចតយាន លើភពក្រហមនេះជាច្រើន និងការសម្រេចបានលទ្ធផលសិក្សាដ៏គាប់ប្រសើរដូចជាការ ដឹងពីប្រវត្តិភពអង្គារ, ធាតុគីមីផ្សំក្នុងបរិយាកាស និងជាពិសេសកាលពីចុងឆ្នាំ ២០១៥ អង្គការ NASA បានរកឃើញប្រភពទឹក លើផ្ទៃភពអង្គារ ដែលជារបកគំហើញសំខាន់បំផុត បានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រកាន់តែសង្ស័យថា ភពនេះធ្លាប់មានជីវិត កើតឡើងក្នុងទម្រង់ណាមួយ កាលពីរាប់រយលានឆ្នាំមុន។
បេសកកម្មទៅកាន់ភពភ្លុយតូ ក៏បានសម្រេចជោគជ័យកាលពីឆ្នាំ ២០១៥ ផងដែរ ប៉ុន្តែវាមិនមែនជាគោលដៅ ធំសម្រាប់មនុស្សឡើយ ព្រោះយើងនឹងមិនទៅរស់នៅទីនោះកើតទេ។ មានតែភពអង្គារប៉ុណ្ណោះ ដែលជាក្តីសង្ឃឹម និងអាចក្លាយជាលំនៅដ្ឋានទីពីរ យ៉ាងពិតប្រាកបន្ទាប់ពីផែនដី។ ជាក់ស្តែងអង្គការ NASA គ្រោងនាំមនុស្សនៅរស់នៅភពអង្គារជាលើកដំបូងនៅអំឡុងទសវត្សរ៍ ២០២០ ប៉ុន្តែក្រោយមកទៀត អង្គការអាមេរិកនេះក៏អះអាងថា ពន្យាទៅទសវត្សរ៍ ២០៣០ វិញ ក៏ព្រោះតែបញ្ហាបច្ចេកទេស និងហិរញ្ញវត្ថុជាចម្បង។
បន្ថែមពីខាងលើនេះទៀតកិច្ចសហការជាមួយ អង្គារអវកាសអឺរ៉ុប ESA ត្រូវបានលុបចោលកាលពីចុងឆ្នាំ ២០១៥ ដោយសារតែអឺរ៉ុប ចង់ងាកមកសិក្សាស្រាវជ្រាវ និងបង្កើតអាណានិគមងាយៗ លើឋានព្រះច័ន្ទវិញ ជាជាងទៅភពអង្គារ ដែលធ្វើឲ្យអង្គការ NASA ស្ទើរតែស្រក់ទឹកភ្នែកបញ្ច្រាសឡើងលើ។ យ៉ាងណាក៏ដោយ ផែនការ ទៅកាន់ភពអង្គារនៅតែបន្តទៅមុខ ប៉ុន្តែវាត្រូវរង់ចាំពេលវេលាល្អ ដែលដៃគូនានាអាចចូលរួមសហការគ្នា។
ជាការពិតណាស់ គម្រោងអ្វីក៏មនុស្សអាចមានលទ្ធភាពបង្កើតឡើងដែរ ប៉ុន្តែអ្វីដែលចាំបាច់បំផុតនោះគឺ ហិរញ្ញវត្ថុ ព្រោះបច្ចុប្បន្ននេះបញ្ហាសកលជាច្រើន បានក្លាយជារឿងចំបាច់ជាងការសិក្សាផ្នែកអវកាស ដែលមិនងាយនឹងផ្តល់ប្រយោជន៍ត្រឡប់មកវិញដល់សេដ្ឋកិច្ចនោះឡើយ។ ហេតុដូច្នេះថវិកាជាតិសម្រាប់ NASA តែងតែត្រូវបានរដ្ឋាភិបាលសហព័ន្ធអាមេរិក ធ្វើការកាត់បន្ថយជារៀងរាល់ឆ្នាំនោះឯង។
សរុបសេចក្តីមក បេសកកម្មទៅកាន់ភពអង្គារ ជាពិសេសការនាំមនុស្សទៅសិក្សាផ្ទាល់នៅទីនោះ ក្នុងអំឡុងឆ្នាំ ២០៣០ នោះទំនងជានឹងពិបាកសម្រេចបានតាមពេលកំណត់ណាស់។ វាប្រាកដជាអាស្រ័យលើ ស្ថានការណ៍អន្តរជាតិ ជាពិសេសសេដ្ឋកិច្ចរបស់ប្រទេសសាមី ដែលអាចទ្រទ្រង់បានឬទេចំពោះផែនការ រុករកទីអវកាស ដែលត្រូវចំណាយលុយខ្ទង់រយលានដុល្លារឡើងទៅ ក្នុងមួយគម្រោងៗនោះ៕