(ភ្នំពេញ)៖ ក្រោយទទួលបានបទបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងមន្ត្រីចុះកាយយកអាចម៍ដីចេញពីផ្ទៃអាងស្តុកទឹកបឹងត្របែក ដែលត្រូវគេលួចចាក់អាចម៍ដីលុប បំណងរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយក៏បាននិងកំពុងស្ថាបនាផ្លូវថ្មីព័ទ្ធជុំវិញអាងស្តុកទឹកនេះជូនប្រជាពលរដ្ឋធ្វើដំណើរផងដែរ។

លោកអភិបាលខណ្ឌ ថេង សុថុល មុនការកាយដីចេញពីអាងស្តុកទឹកនេះ មានអ្នកធ្វើសំណង់មិនរៀបរយ និងការចាក់ដីរំលោភលើផ្ទៃបឹងត្របែក ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ហើយលោកក៏បានដឹកនាំមន្ត្រីជំនាញចុះរុះរើសំណង់មិនរៀបរយនេះតែម្ដង។ ក្រោយមក ក៏បានដឹកនាំគ្រឿងចក្រចុះកាយដីចេញវិញ ថែមទាំងបាននិងកំពុងធ្វើការស្ថាបនាផ្លូវទំនប់ខ្នងប្រឡាយព័ទ្ធជុំវិញផ្ទៃអាងស្តុកទឹកបឹងត្របែង និងឈួសឆាយដីបើកផ្លូវលេខ ៤៩៦ និងផ្លូវលេខ ២៩០ ដោយមានខ្នងទំនប់ព័ទ្ធផ្ទៃបឹងរហូតដល់ផ្លូវ២៧១។

លោក ថេង សុថុល បានឲ្យដឹងថា ការចុះអនុវត្តវិធានការរដ្ឋបាលរុះរើទីតាំងខាងលើ ក្រោយពីមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញេ។ ជាក់ស្តែង អាជ្ញាធរបានពិនិត្យឃើញថា មានជនមួយក្រុមបានដឹកជញ្ជូនគ្រឿងចក្រដឹកអាចម៍ដីមកចាក់រំលោភយកផ្ទៃអាងស្តុបទឹកបឹងត្របែក ព្រមទាំងមានការសាងសង់សំណង់ផ្សេងៗ រួចបន្លំចាក់ដីពង្រីកបន្ថែមដើម្បីបំភ័ន្តថាជាដីដែលបានបង្កបង្កើនផលមានការដាំដុះដំណាំផ្សេងៗ ព្រមទាំងមានរោងចិញ្ចឹមសត្វមាន់ ទាផងដែរ។

លោកអភិបាលខណ្ឌចំការមនបានបញ្ជាក់ថា ទង្វើទាំងអស់នេះជាការបំពាន និងរំលោភច្បាប់ធ្ងន់ធ្ងរ ព្រោះបានរំលោភយកផ្ទៃអាងស្តុបទឹក ដែលជាបឹងធំមួយនៅកណ្តាលរាជធានីភ្នំពេញ។

លោកបានបន្ថែមថា ក្នុងនាមអាជ្ញាធរដែនដី ក៏ដូចជាមន្ត្រីជំនាញមិនអនុញ្ញាតិឲ្យជនខិលខួចបន្តលួចសាងសង់សំណង និងចាក់ដីរំលោភច្បាប់បែបនេះបានឡើយ។ ទង្វើរបស់ពួកគេបានរំលោភលើអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលលេខ ២២១ អនក្រ.បក ស្តីពីការកំណត់ផ្ទៃអាងស្តុបទឹកបឹងត្របែក ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ។

ពាក់ព័ន្ធនឹងបញ្ហារំលោភផ្ទៃអាងបឹងត្របែកនេះដែរ អាជ្ញាធរខណ្ឌចំការមនតែងតែចុះធ្វើការផ្សព្វផ្សាយ និងអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមកុំមានការសាងសង់សំណង់ផ្សេងៗរំលោភលើផ្ទៃបឹងដែលជាអំពើសុខច្បាប់។ បើទោះបីមានការផ្សពផ្សាយបែបនេះក្តី ក៏នៅតែមានប្រជាពលរដ្ឋមួយចំនួនរឹងទទឹងបន្តរំលាភ និងសង់សំណង់ មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ។ ដូច្នេះក្នុងនាមអាជ្ញាធរត្រូវតែចាត់វិធានការរដ្ឋបាលដាច់ខាត ដោយមិនអនុញ្ញាតឱ្យមានការរំលោភលើផ្ទៃអាងស្តុបទឹកបឹងត្របែកនេះទេ ចំពោះអ្នកដែលបានទិញផ្ទៃបឹងត្របែក គឺគ្មានអាជ្ញាធរណាហ៊ានចុះហត្ថលេខាទទួលស្គាល់ឡើយ។ ពិសេសចំពោះការទិញលក់ក្នុងទីផ្សារងងឹតដែលគ្មានភាពស្របច្បាប់ សូមបញ្ឈប់ កុំប្រថុយ ព្រោះជាទង្វើល្មើសនឹងច្បាប់៕