(ភ្នំពេញ)៖ កងទ័ពជាក្រុមជួរមុខដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ដើម្បីបង្កើនអង្គបដិបក្ខការពារឱ្យបានកាន់តែខ្ពស់ពីការរាតត្បាតនៃជំងឺកូវីដ១៩។ ការសម្រេចផ្តល់វ៉ាក់សាំងដូសទី៣ ជូនកងទ័ពជាអាទិភាព ក៏ព្រោះតែកងទ័ពបាននិងកំពុងចូលរួមប្រយុទ្ធយ៉ាងខ្លាំងក្លាផងដែរជាមួយមេរោគកូវីដ១៩។
កងទ័ពគឺជាកម្លាំងដ៏ពិសេសមួយរបស់រាជរដ្ឋាភិបាលក្នុងកំលុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ ពួកគេមិនត្រឹមតែជួយក្នុងសកម្មភាពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏បានចូលរួមក្នុងកិច្ចអន្តរាគមន៍ជាច្រើនទៀត ដូចជាការអនុវត្តវិធានការបិទខ្ទប់ ការចែកចាយស្បៀងអាហារ រួមទាំងការដឹកជញ្ជូនពលករដែលត្រឡប់មកពីប្រទេសថៃជាដើម។
កងទ័ពជាកម្លាំងស្នូលមួយដែលតែងតែឈរនៅជួរមុខដោយមិនអាចខ្វះបានលើសមរភូមិសង្គ្រាមប្រយុទ្ធនឹងជំងឺកូវីដ១៩ ហើយក៏ជាអ្នកប្រឈមនឹងការវាយប្រហារពីជំងឺកូវីដ១៩ផងដែរ។ បើទោះបីពួកគេប្រឈមនឹងការវាយលុកពីមេរោគកូវីដ១៩យ៉ាងណាក្តី តែពួកគេមិនរួញរានឹងភារកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូននោះឡើយ។
ការសម្រេចផ្តល់អាទិភាពឱ្យកងទ័ពបានចាក់វ៉ាក់សាំងដូសទី៣ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់មួយរបស់សម្តេចតេជោចំពោះកងទ័ព។ ការសម្រេចចិត្តនេះ ក៏បាននាំឱ្យកងទ័ពរីករាយផងដែរ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រសួងការពារជាតិ បានលើកឡើងយ៉ាងដូច្នេះ «ខ្ញុំគិតថា ការសម្រេចចិត្តរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីឱ្យកម្លាំងជួរមុខចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះ ដើម្បីការពារពីការឆ្លង ជាពិសេសមេរោគបំប្លែងថ្មី [ដែលតា]។ [...] ក្តីព្រួយបារម្ភរបស់ប្រមុខរាជរដ្ឋាភិបាល ចំពោះមន្ត្រីរាជការ កងងកម្លាំងប្រដាប់អាវុធជួរមុខអំពីបញ្ហាហ្នឹង។ អ៊ីចឹងបានសម្តេចសម្រេចឱ្យចាក់»។
ឧត្តមសេនីយ៍ទោ សុខ រីណា មេបញ្ជាការរង សេនាធិការ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៃយោធភូមិភាគទី៤ ដែលជាអ្នកកំពុងដឹកនាំការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានយល់ឃើញថា ការចាក់វ៉ាក់សាំងដូសទី៣ គឺជាការជួយបង្កើនអង់ទីគ័រការពារខ្លួនកាន់តែខ្លាំងថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី (ដែលតា)។
ឧត្តមសេនីយ៍ទោ សុខ រីណា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ចំពោះការចាក់ដូសទី៣នេះ ចំពោះរូបខ្ញុំផ្ទាល់ចាក់ទៅដូចអត់មានប្រតិកម្មអ្វីទាំងអស់ សុខភាពខ្ញុំល្អមាំទាំ ហើយអាចថាធ្វើឱ្យយើងបង្កើនអង់ទីគ័រការពារខ្លួនឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ដើម្បីទប់ទល់ការរីករាលដាលឆ្លងជំងឺកូវីដ១៩។ ជាពិសេសអាមេរោគប្រភេទ [ដែលតា] ថ្មីនេះ»។
លោក យាន រស្មី ជាមន្ត្រីយោធាបម្រើការនៅមន្ទីរពេទ្យយោធភូមិភាគទី៤ និងជាអ្នកកំពុងចូលរួមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែរនោះ បានលើកឡើងថា ការចាក់វ៉ាក់សាំងដូសទី៣ មានសារៈសំខាន់ណាស់សម្រាប់រូបគេ ដើម្បីការពារខ្លួនពីការវាយលុកមេរោគកូវីដ១៩ ហើយអាចបន្តឈរជើងជួយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបន្តទៅមុខទៀត។
លោក យាន រស្មី ដែលមានវ័យ ២៧ឆ្នាំ បានថ្លែងយ៉ាងដូច្នេះ «ការចាក់វ៉ាក់សាំងដូសទី៣នេះ ដើម្បីជំរុញដូសទី១ និងទី២ អាចនិយាយបានថា ជាវ៉ាក់សាំងដែលការពារបានខ្លាំងជាងមុន ព្រោះយើងបានចាក់៣ដង។ ក្រោយចាក់វ៉ាក់សាំងដូសទី៣នេះហើយ យើងមានទំនុកចិត្ត អាចនិយាយបានថា មានទំនុកចិត្តច្រើនជាងមុន»។
ពាក់ព័ន្ធទៅនឹងអាការៈបន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី៣ ដែលជាវ៉ាក់សាំងអាស្ត្រាហ្សេនីកា នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា សុខភាពរបស់លោកមានស្ថានភាពធម្មតា មិនមានអ្វីខុសប្រតីនោះទេ។ ផ្ទុយទៅវិញវ៉ាក់សាំងដូសទី៣នេះ ធ្វើឱ្យលោកមានទំនុកចិត្តខ្ពស់លើការការពារសុខភាពពីជំងឺកូវីដ១៩។
កម្ពុជា បានក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចប៉ុណ្ណោះលើពិភពលោក ដែលបានយកចិត្តទុកដាក់លើសុខភាពប្រជាពលរដ្ឋប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានឆាប់រហ័ស។ សមិទ្ធផលនេះ មិនអាចកើតមានឡើយប្រសិនបើខ្វះការចាត់ចែង និងដាក់ចេញនូវផែនការមួយច្បាស់លាស់ពីនាយករដ្ឋមន្ត្រីកម្ពុជា។
ភាពជោគជ័យរបស់កម្ពុជាលើការងារចាក់វ៉ាក់សាំងនេះ បានធ្វើឱ្យមន្ត្រីយោធា យាន រស្មី បង្ហាញនូវការពេញចិត្ត និងចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូបដ៏អស្ចារ្យសម្រាប់រូបគេ។
យុទ្ធជន យាន រស្មី បានលើកឡើងយ៉ាងដូច្នេះ «សម្តេចតេជោយើង អាចនិយាយថា ជាមេដឹកនាំដ៏អស្ចារ្យ ដោយសារប្រទេសនៅជុំវិញយើង គឺភាគរយនៃការទទួលបានវ៉ាក់សាំងតិចជាងប្រទេសកម្ពុជាយើង។ កម្ពុជាយើងអាចននិយាយបានថា ឈានមុខគេក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាជនយើងរហូតឈានដល់ដូសទី៣បន្ថែម»។
ជាមួយនឹងការទទួលបានឱកាសចាក់វ៉ាក់សាំងដូសទី៣ កងទ័ពមិនត្រឹមតែបង្ហាញនូវភាពរីករាយប៉ុណ្ណោះទេ តែពួកគេ ក៏បានបង្ហាញនូវការដឹងគុណ និងថ្លែងអំណរគុណសម្តេចតេជោយ៉ាងជ្រាលជ្រៅ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពរបស់ពួកគេ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មេដឹកនាំស្នូលលើកិច្ចការចាក់វ៉ាក់សាំងមកពីក្រសួងការពារជាតិ បានបង្ហាញនូវការដឹងគុណយ៉ាងដូច្នេះ «ខ្ញុំក្នុងនាមកងយោធពលខេមរភូមិន្ទ និងជួសមុខឱ្យយោធិនទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅណាស់ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលសម្តេចបានយកចិត្តទុកដាក់គ្រប់កាលៈទេសៈចំពោះកងយោធពលខេមរភូមិន្ទ។ សូមថ្លែងអំណរគុណ ហើយប្តេជ្ញាគោរពអនុវត្តរាល់បទបញ្ជាតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច ហើយគាំទ្រសម្តេចក្នុងការដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាពរហូត»។
ឧត្តមសេនីយ៍ទោ សុខ រីណា បានបង្ហាញការថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រីបែបនេះថា «ជំនួសមុខឱ្យឯកឧត្តមមេបញ្ជាការ នាយទាហាន នាយទាហានរង ពលទាហាន និងក្នុងនាមខ្ញុំផ្ទាល់ដែលជាប្រធានក្រុមការងារ ហើយនិងក្រុមប្រតិបត្តិរបស់យោធភូមិភាគទី៤ទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រមុខរាជរដ្ឋាភិបាល ដែលលោកតែងតែគិតគូរមិនមានពេលសម្រាកទេទាំងយប់ទាំងថ្ងៃ ដុតដៃដុតជើង ដើម្បីធ្វើយ៉ាងម៉េចឱ្យកូនចៅបានចាក់វ៉ាក់សាំងដូសទី៣នេះ»។
ដោយឡែកយុទ្ធជន យាន រស្មី វិញ បានបង្ហាញការដឹងគុណរបស់គេចំពោះសម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ «សូមអរគុណសម្តេចតេជោ ក៏ដូចជាមេដឹកនាំទាំងអស់ ដែលគិតគូរដល់កងទ័ពជួរមុខ អាចនិយាយបានថា ទ័ពអាវស និងអ្នកពាក់ព័ន្ធបម្រើការជួរមុខ ដែលសម្តេចលោកខំស្វះស្វែងដុតដៃដុតជើងរកវ៉ាក់សាំងជូនដល់កងទ័ពជួរមុខមុន ដើម្បីបម្រើការជូនដល់ប្រជាជនរបស់យើង ព្រោះអីមេរោគកូវីដ១៩ កំពុងវាយលុកខ្លាំង»។
សូមបញ្ជាក់ថា ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី១១ ខែសីហា ក្រុមការងារចាក់វ៉ាក់សាំងដូសទី៣ បានជិត ៨ម៉ឺននាក់។
បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្រុមការងារចាក់វ៉ាក់សាំងក្រសួងការពារជាតិទទួលភារកិច្ចចាក់វ៉ាក់សាំងជូនកងទ័រ និងគ្រួសារ, អតីតយុទ្ធជន និងនគរបាលការពារព្រំដែន ដែលមានចំនួនសរុបជាង ៣០ម៉ឺននាក់។ នាយឧត្តសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ក្នុងផែនការក្រុមការងារគ្រោងចាក់ដូសទី៣ ដល់ជនក្នុងផែនការនេះឱ្យរួចរាល់ត្រឹមរយៈពេល ១០ថ្ងៃប៉ុណ្ណោះ៕