(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំចំនួន៥ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
១៖ ក្នុងករណីការប្រើប្រាស់គេស្គរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយបុគ្គលឯកជន ទទួលលទ្ធផលតេស្ត វិជ្ជមានជំងឺកូវីដ-១៩ សាមីខ្លួនត្រូវដាក់ខ្លួនឱ្យនៅដោយឡែកពីសមាជិកគ្រួសារ និងមានកាតព្វកិច្ចតាម ផ្លូវច្បាប់ ក្នុងការជូនដំណឹងជាបន្ទាន់ទៅមន្ត្រីសុខាភិបាល ឬ អាជ្ញាធរមូលដ្ឋាន តាមរយៈខ្សែទូរសព្ទ (Hotline) ១២២២ ឬ លេខទូរសព្ទរបស់ទីបញ្ជាការស្រាលនៃមូលដ្ឋានខណ្ឌដែលខ្លួនកំពុងរស់នៅ ដើម្បី ឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យចុះវាយតម្លៃស្ថានភាពអ្នកជំងឺ និងពិនិត្យទីតាំងផ្ទះ ថាតើត្រូវអនុញ្ញាត ឱ្យអ្នកជំងឺព្យាបាលនៅផ្ទះ ឬត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។
២៖ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល គ្មានរោគសញ្ញា គ្មានកត្តាប្រឈម និងមិនជាប់ពាក់ព័ន្ធមេរោគ កូវីដ-១៩ បំប្លែងថ្មី ដែលតា (Delta) ដែលបានទទួលការអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ ត្រូវចុះកិច្ចសន្យា នៅចំពោះមុខមន្ត្រីមានសមត្ថកិច្ច តាមទម្រង់គំរូឧបសម្ព័ន្ធទី១១ នៃនីតិវិធីប្រតិបត្តិស្ដង់ដារសម្រាប់ គ្រប់គ្រង ថែទាំ នឹងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ របស់ក្រសួងសុខាភិបាល ព្រមទាំងយល់ព្រម ឱ្យអាជ្ញាធរមូលដ្ឋានដាក់ស្លាកសម្គាល់ «ទីតាំងវិជ្ជមានជំងឺកូវីដ-១៩» ហើយក្នុងករណីមានបញ្ហាសុខភាព ត្រូវទាក់ទងជាបន្ទាន់ទៅមន្ត្រីសុខាភិបាល ឬ អាជ្ញាធរមូលដ្ឋាន។
៣៖ ក្នុងករណីរដ្ឋបាលរាជធានីភ្នំពេញ ឬ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ទទួលបានព័ត៌មាន ឬរក ឃើញថាមានបុគ្គលណាមួយ ដែលបានប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ទទួលបាន លទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ-១៩ ហើយមិនព្រមរាយការណ៍ជូនមន្រ្តីសុខាភិបាលក្រុមគ្រូពេទ្យុ ឬអាជ្ញាធរ មូលដ្ឋាន បុគ្គលនោះនឹងត្រូវប្រឈមនឹងការអនុវត្តនូវពិន័យជាប្រាក់ស្របតាមប្រការ ២ នៃប្រកាស អន្តរក្រសួងលេខ ១៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ស្តីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តអំពើល្មើសនឹង វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក៏ដូចជាប្រឈមនឹងទោសដាក់ពន្ធនាគារ ស្របតាមមាត្រា១០ និង មាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
៤៖ រដ្ឋបាលរាជធានីភ្នំពេញ លើកទឹកចិត្ត និងស្នើសុំប្រជាពលរដ្ឋដែលមានលំនៅឋានរស់នៅក្បែរខាងទីតាំង ផ្ទះរបស់បុគ្គល ដែលសង្ស័យថាមានអ្នកជំងឺកូវីដ-១៩ កំពុងលួចលាក់សម្រាកព្យាបាលដោយខ្លួនឯង ដោយគ្មានការវាយតម្លៃ និងការអនុញ្ញាតពីមន្ត្រីសុខាភិបាល ឬ អាជ្ញាធរមូលដ្ឋានទេនោះ ត្រូវរាយការណ៍ ជាបន្ទាន់មករដ្ឋបាលរាជធានីភ្នំពេញ ឬ អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងធានារក្សាការសម្ងាត់ជូន ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការបានទាន់ពេលវេលា ចៀសវាងការ ចម្លងជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរ ទៅក្នុងមូលដ្ឋានភូមិ-សង្កាត់ដែលខ្លួនកំពុងរស់នៅ។
៥៖ គណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់នៅថ្នាក់រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវសហការចុះត្រួតពិនិត្យ នៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីធានានូវការអនុវត្ត បានត្រឹមត្រូវតាមសេចក្តីណែនាំនេះ។ ក្នុងករណីរកឃើញថា បុគ្គលណាមិនគោរពតាមខ្លឹមសារនៃសេចក្តី ណែនាំនេះ ត្រូវចាត់វិធានការច្បាប់ និងវិធានការរដ្ឋបាល ឱ្យខាងតែបាន និងដោយគ្មានការលើកលែង ឡើយ ក្រោយពេលដែលបុគ្គលនោះបានទទួលការព្យាបាលជំងឺកូវីដ-១៩ ជាសះស្បើយ។
ការណែនាំនេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលអនុវត្តកន្លងមកនេះ មានប្រជាពលរដ្ឋមួយចំនួន ដែលបានប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែន កូវីដ-១៩ ដោយខ្លួនឯងនៅតាមផ្ទះ ទទួលបានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ-១៩ ប៉ុន្តែ បានព្យាយាមប្រើប្រាស់ថ្នាំពេទ្យ ឬអនុវត្តការព្យាបាលបែបបុរាណដោយខ្លួនឯង ហើយអ្នកជំងឺមួយចំនួនបានវិវឌ្ឍទៅរកស្ថានភាពធ្ងន់ធ្ងរ រួចទើប រាយការណ៍មកមន្ត្រីសុខាភិបាល ឬ អាជ្ញាធរមូលដ្ឋាន ពោលគឺជាការអនុវត្តមិនត្រឹមត្រូវតាមនីតិវិធីប្រតិបត្តិស្ដង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ និង គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកជំងឺ និងអាចបង្កជាហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ ដល់សមាជិក គ្រួសារ អ្នករស់នៅក្បែរខាង និងសហគមន៍ទាំងមូល ថែមទៀតផង។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញមានអ្នកជំងឺកូវីដ-១៩ ត្រូវបានអនុញ្ញាតឱ្យព្យាបាល នៅតាមផ្ទះសរុបចំនួន ៤.២៤១ នាក់ ក្នុងនោះ អ្នកជំងឺដែលបានជាសះស្បើយមានចំនួន ១.២៥៧ នាក់ និងអ្នកជំងឺកំពុង សម្រាកព្យាបាលមានចំនួន ២.៩៨៤ នាក់៕