Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្លែមៀនប៉ៃលិនជាង៥ម៉ឺនតោន ខ្វះទីផ្សារលក់មិនចេញ, ក្រសួងកសិកម្មឲ្យអ្នកនាំចេញបង្វែរ ពីនាំទៅប្រទេសថៃមកវៀតណាមវិញ

12-08-2021 18:05

(ប៉ៃលិន)៖ ផ្លែមៀនប៉ៃលិន របស់សហគមន៍កសិកម្មមៀនប៉ៃលិន ចំនួន៥ម៉ឺនតោន កំពុងប្រឈមនឹងការខូចខាត ព្រោះមិនអាចនាំចេញបាន។

លោក តំ សុភ័ណ្ឌ រដ្ឋបាលសហគមន៍កសិកម្មមៀនប៉ៃលិន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែសីហានេះថា ផ្ទៃដីដាំដុះមៀនប៉ៃលិនរបស់កសិករ ជាសមាជិកមានចំនួន២៩០០ហិកតា នៅខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ចាប់ផ្តើមដល់រដូវកាលប្រមូលផលហើយ នៅខែសីហានេះ ដែលអាចនឹងប្រមូលផលបានប្រមាណជាង៥ម៉ឺនតោន។

លោកបន្តថា នៅពេលនេះបញ្ហារបស់សហគមន៍មៀនប៉ៃលិន គឺគ្មានទីផ្សារសម្រាប់នាំចេញបាន ដោយកន្លងទៅពឹងផ្អែកលើការនាំចេញទៅថៃ ហើយថៃនាំចេញបន្តទៅចិន។ ប៉ុន្តែពេលនេះ មិនអាចនាំចេញទៅប្រទេសថៃបានឡើយ។

លោកបញ្ជាក់ថា កន្លងទៅសហគមន៍កសិកម្មមៀនប៉ៃលិន ធ្លាប់បានស្នើទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម ឲ្យជួយដល់កសិករផងដែរ តែមិនទាន់មានដំណោះស្រាយឡើយ ហើយរដ្ឋមន្ត្រីកសិកម្ម ក៏ធ្លាប់បានអញ្ជើញទៅដល់សហគមន៍ដោយផ្ទាល់ផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាលក់មៀនមិនចេញនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែសីហានេះ បានចេញប្រកាសព័ត៌មានមួយ ដោយជំរុញអ្នកនាំចេញបង្វែរទិសដៅពីប្រទេសថៃ ទៅប្រទេសវៀតណាមវិញ។

ក្រសួងកសិកម្ម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ គួររួមគ្នាផលិតផលខ្មែរ ក្រោមរូបភាពខ្មែរជួយខ្មែរ ដោយជួយទិញផ្លែមៀនរបស់ប្រជាកសិករ ពិសេសសហគមន៍មៀនប៉ៃលិន។

ជុំវិញការបង្វែរនាំចេញទៅប្រទេសវៀតណាមនេះ លោក តំ សុភ័ណ្ឌ រដ្ឋបាលសហគមន៍កសិកម្មមៀនប៉ៃលិន បានឲ្យដឹងថា ទំនងជាមិនអាចទៅរួចទេ ព្រោះតែមិនទាន់ឃើញក្រុមហ៊ុនណាមួយទាក់ទងមកផ្ទាល់ ដើម្បីទិញផ្លែមៀនសម្រាប់នាំចេញនៅឡើយទេ ហើយពេលនេះផ្លែមៀនរបស់កសិករ ដល់ពេលប្រមូលផលទៀត៕