(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានណែនាំដល់ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវបន្តបិទសកម្មភាពអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារនៅទូទាំងរាជធានី-ខេត្ត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ដើម្បីចូលរួមអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ដោយអនុវត្តតាមសេចក្តីណែនាំលេខ ០៤ សណន របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន បន្តផ្អាកសកម្មភាពអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារនៅទូទាំងរាជធានី-ខេត្ត ជាបណ្ដោះអាសន្នជាកំហិត រហូតដល់មានការជូនដំណឹងជាថ្មី។
លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់បន្ថែមនៅក្នុងលិខិតទៀតថា មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចាត់តាំងក្រុមការងារដើម្បីតាមដានត្រួតពិនិត្យកិច្ចការនេះឱ្យបានហ្មត់ចត់ ដោយមិនត្រូវអនុញ្ញាតឱ្យមានសកម្មភាពអាជីវកម្មណាមួយដំណើរការនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងរយៈពេលនៃការផ្អាកជាបណ្ដោះអាសន្ននេះជាដាច់ខាត៕
ខាងក្រោមនេះជាលិខិតរបស់រដ្ឋមន្ត្រី ថោង ខុន៖