(ព្រៃវែង)៖ លោក កឹម សុខុន ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដែលជាប្អូនប្រុសបង្កើតរបស់ លោក កឹម សុខា បាននាំយកនូវថវិកាជាមូលនិធិសម្តេចក្រឡាហោម ស ខេង ចែកជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋដែលទទួលមរណភាពនិងកូនកម្លោះក្រមុំទើបនឹងរៀបការចំនួន៥៩គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ២០ម៉ឺនរៀល ។
លោកកឹម សុខុន ប្រធានក្រុមការងារចុះជួយឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានចុះចែកមូលនិធិនេះជូនដល់ប្រជាពលរដ្ឋដល់ខ្នងផ្ទះដោយផ្ទាល់ នៅព្រឹកថ្ងៃទី២៧មីនាឆ្នាំ២០១៦នេះ បន្ទាប់ពីជួបសំណោះសំណាលជាមួយសមាជិក សមាជិកាបក្សប្រមាណ ៦២០នាក់នៅទីស្នាក់ការគណបក្សឃុំព្នៅទី១ រួចមក ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា(NLC) ដែលអមដំណើរជាមួយ លោក កឹម សុខុន បានថ្លែងថា ទៅកាន់ប្រជាពលរដ្ឋថា កម្មករ-កម្មការិនីរោងចក្រកាត់ដេរនិងស្បែកជើង ដែលជាកូនចៅប្រជាពលរដ្ឋកំពុងបម្រើការងារនៅភ្នំពេញនិងតាមបណ្តាខេត្តផ្សេងទៀត កំពុងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីរាជរដ្ឋាភិបាលកម្ពជាជាបន្តបន្ទាប់ដូចជា ការដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ ការបញ្ចុះថ្លៃទឹកថ្លៃភ្លើង ការរៀបចំឱ្យមានរបបសន្តិសុខសង្គម ឧបត្ថម្ភប្រាក់ទ្រទ្រង់សុខភាព និង ប្រាក់សោធននិវត្តន៍ ជាដើម។
លោកកឹម សុខុន នៅក្នុងឱកាសជួបសំណេះសំណាលនេះដែរ បានលើកឡើងអំពីការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក្នុងស្វែងរកសន្តិភាពបានពេញបរិបូរណ៍ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋចូលរួមចំណែកអភិវឌ្ឍប្រទេស៕