(ក្រចេះ)៖ មន្ត្រីខណ្ឌរដ្ឋបាលជលផល និងផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយគណៈបញ្ជាការឯកភាពក្រុងក្រចេះ ក្រុមប្រឹក្សាសង្កាត់រការកណ្តាល កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ និងសហគមន៍នេសាទ ដឹកនាំដោយលោក គង់ មេត្តា អភិបាលរងក្រុងក្រុងក្រចេះ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចុះបង្រ្កាបបទល្មើសជលផល នៅចំណុចបឹងផ្តៅ និងព្រែកគង្វាល ស្ថិតក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ។
លោក ម៉ុក ពន្លក នាយខណ្ឌ័រដ្ឋបាលជលផល បានឱ្យដឹងថា ប្រតិបត្តការការបង្ក្រាបនេះ គឺបានរុះរើ ដកហូត និងបំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលមួយចំនួនដូចខាងក្រោម៖
*របាំងសាច់អួនក្រលាញឹក (សាច់ប៉ាក់) ចំនួន៣៩ខ្សែ ប្រវែង១,៥៦០ម៉ែត្រ
*លូសាច់អួនក្រលាញឹក (សាច់ប៉ាក់) ចំនួន៤០ម៉ាត់លូ
*បង្គោលចម្រឹងឫស្សីឃ្លៃ ៥៦០ដើម
*ចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិវិញប្រមាណជា ១៥គីឡូក្រាម។
វត្ថតាងទាំងអស់ដែលដកហូត និងរឹបអូសបាន គឺក្រុមការងារសម្រេចបំផ្លាញចោលនៅ ចំណុចទំនប់បឹងរំលាច។
ជាមួយគ្នានេះដែរ លោកបានអំពាវនាវធ្វើយ៉ាងណា សូមកុំធ្វើការនេសាទខុសច្បាប់ ដូចជាការប្រើប្រាស់ឧបករណ៍នេសាទឆក់ត្រី ស្បៃមុង និងអួនក្រឡាញឹកជាដើម។ លោកបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងតំបន់នេះឱ្យជួយរក្សាធនធានជលផលទាំងអស់គ្នា ដើម្បីបន្តពូជពង្សសម្រាប់ពេលបច្ចុប្បន្ន និងថ្ងៃអនាគត។
លោកសំណូមពរប្រជានេសាទទាំងអស់ធ្វើយ៉ាងណានេសាទ ជាលក្ខណៈគ្រួសារបានហើយកុំនេសាទខុសច្បាប់ បើនេសាទខុសច្បាប់ ថ្ងៃណាមួយសមត្ថកិច្ចចាប់បាននឹងត្រូវផ្ដន្ទាទោសតាមច្បាប់ស្តីពី ជលផលជាក់ជាពុំខាន៕