(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង ចេញសេចក្តីសម្រេចបន្តអនុវត្តវិធានការរដ្ឋបាលនៅភូមិសាស្ត្រខេត្ត រយៈពេល ១សប្តាហ៍បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា «ត្រូវបានបន្តអនុវត្តវិធានការរដ្ឋបាលនៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង រយៈពេល០៧ គិតចាប់ពីវេលាម៉ោងសូន្យនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩»

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបានឱ្យដឹងថា ក្នុងអំឡុងពេលនៃការបន្តអនុវត្តវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដូចខាងក្រោម៖

*សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន ប៉ុន្តែអាចធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ
*អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ
*រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា
*អាជីវកម្មម៉ាស្សា សូណា និងស្ចឹមគ្រប់ប្រភេទ
*ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ
*រោងភាពយន្តនិងក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។

រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលមិនត្រូវបានហាមឃាត់ខាងលើនេះ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្រៅពីសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន ដូចបានកំណត់ខាងលើ ដ្ឋបាលខេត្តនឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្តែង ដោយអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ក្នុងអំឡុងពេលនៃការបន្តអនុវត្តវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១០នាក់៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្វាយរៀង៖