(ព្រះវិហារ)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំង ប្រភេទ AstraZeneca ដូសទី៣ (ដូសជំរុញ) ជូនដល់កម្លាំងកងរាជអាវុធហត្ថ និងគ្រួសារ។

ពិធីចាក់វ៉ាក់សាំងដូសទី៣នេះ ធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបណ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពីបញ្ជាការរង នាយ នាយរង និងពលអាវុធហត្ថ ដើម្បីការពារការប្រឈមនឹង ហានិភ័យ នៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ តំណាងកងកម្លាំង និងគ្រួសារទាំងអស់ បានថ្លែងនូវការគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង AstraZeneca សម្រាប់ចាក់ដូសទី៣បន្ថែម ដើម្បីជំរុញឱ្យមានអង្គទីករ ឬប្រព័ន្ធភាពស៉ាំក្នុងខ្លួនប្រឆាំងជំងឺកូវីដ១៩ ជូនដល់មន្ត្រីជួរមុខរួមមាន លោកគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងជួរមុខ នៅក្នុងខេត្តទាំង៧ ជាប់ព្រំដែនថៃ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបន្តថា កន្លងមកនាយ នាយរង និងគ្រួសារអាវុធហត្ថ ក្នុងអង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានចាក់វ៉ាក់សាំងចំនួន២ដូសរួចរាល់ហើយៗ ការចាក់វ៉ាក់សាំងនៅថ្ងៃនេះ គឺជាដូសទី៣ ជាដូសជំរុញ សម្រាប់ការពារមន្ត្រីជួរមុខរបស់យើងពីការឆ្លងជំងឺកូវីដ១៩ ពិសេសប្រភេទ Delta។

មេបញ្ជាការក៏បានថ្លែងនូវការកោតសរសើរដល់នាយ នាយរងនិងគ្រួសារអាវុធហត្ថរបស់យើងទាំងអស់ ដែលអនុវត្តន៍បានល្អតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ការពារបាននូវការឆ្លងរាលដាលជំងឺកូវីដ១៩។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ត្រី កង សៅគុណ ក៏បានថ្លែងអំពាវនាវឱ្យនាយ នាយរង និងគ្រួសារអាវុធហត្ថទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩ ដោយត្រូវបន្តអនុវត្តន៍ឱ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ សហគមន៍ និងអង្គភាពរបស់យើងពីការឆ្លងរាលដាលជំងឺកូវីដ១៩។

សូមបញ្ជាក់ថា មុននឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូននាយ នាយរងអាវុធហត្ថ គឺត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ជាមុនសិន ព្រោះកម្លាំងអាវុធហត្ថមួយចំនួនមកពីការពារតំបន់បិទខ្ទប់ដែលជាតំបន់ប្រឈម ប៉ុន្តែការធ្វើតេស្តរហ័សគឺលទ្ធផលអវិជ្ជមានទាំងអស់។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យគណៈកម្មការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ត្រៀមចាក់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់ព័ន្ធជួរមុខ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ជាបន្ទាន់ ខណៈដែលពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើនត្រឡប់ពីប្រទេសថៃចូលស្រុកខ្មែរវិញ។ រាជរដ្ឋាភិបាលកម្ពុជា កាលពីដើមខែសីហា ឆ្នាំ២០២១ បានសម្រេចឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀតនៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងតំបន់។

ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលជាដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម ឬស៊ីណូវ៉ាក់រួចហើយ។ ជាមួយនឹងការសម្រេចចាក់ដូសទី៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀតដើម្បីបន្តចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសទាំងអស់ផងដែរ៕