(បន្ទាយមានជ័យ)៖ ដោយសារតែរដូវនេះ ទឹកតាមអូរ ស្ទឹង បឹង បួរ ព្រមទាំងទឹកអណ្តូង រីងស្ងួតជាបន្តបន្ទាប់ បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជួបគ្រោះអត់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការហូបចុកនោះ ទើបកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងអាជ្ញាធរពាក់ព័ន្ធ បានបន្តប្រតិបត្តិការ ដឹកទឹកយកទៅផ្គត់ផ្គង់ពួកគាត់។
ជាក់ស្តែងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦នេះ កម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋានបានដឹកទឹកយកទៅផ្គត់ផ្គង់ ជូនប្រជាពលរដ្ឋនៅតាមភូមិមួយចំនួន របស់ឃុំសង្ហា ស្រុកអូរជ្រៅ តបតាមការស្នើសុំរបស់ប្រជាពលរដ្ឋនៅទីនោះ។
លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានថ្លែងអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា នៅព្រឹកនេះ កម្លាំងរបស់យើងបានប្រើ រថយន្តពន្លត់អគ្គិភ័យ ដឹកទឹកយកទៅឲ្យប្រជាពលរដ្ឋ នៅតាមភូមិរបស់ឃុំសង្ហាជិត៥០០គ្រួសារ ប្រមាណ១០ម៉ឺនលីត្រ សម្រាប់ឲ្យពួកគាត់ បានប្រើប្រាស់ប្រចាំថ្ងៃ និងការហូប ចុកជាដើម។ លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា នៅពេលយកទឹកទៅ ដល់ភូមិរបស់ពួកគាត់ភ្លាម ប្រជាពលរដ្ឋជាច្រើនគ្រួសារនាំគ្នាមកយកទឹក ពីព្រោះរាល់ថ្ងៃ អាកាសធាតុក្តៅខ្លាំង ហើយការប្រើប្រាស់ទឹកមិនសូវបានគ្រប់គ្រាន់នោះឡើយ។
តាមការណែនាំរបស់លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះ ជួយខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ នឹងបន្តធ្វើកិច្ច ការងារនេះ នៅតាមតំបន់ដែលជួបគ្រោះរាំងស្ងួតតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះនៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងនគរបាលចុះទៅលាងបាញ់សំអាត នៅចំណុចសំខាន់ៗ មួយចំនួនរបស់ទីរួមខេត្ត ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពកាន់តែប្រសើរឡើង អបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីជាតិ។ ម្យ៉ាងទៀតដើម្បីបណ្តេញឧបទ្រព្យចង្រៃ ចេញពីឆ្នាំចាស់ទាំងអស់ដែលបានកើតមានឡើង។
លោកស្នងការក៏សូមអំពាវនាវដល់ ប្រជាពលរដ្ឋចូលរួម សំអាតទីក្រុង និងមូលដ្ឋានរបស់ខ្លួនឲ្យបានស្អាតនិងការទាក់ទាញ ដើម្បីចាំទទួលទេវតាឆ្នាំថ្មីទាំងអស់គ្នា៕