(ភ្នំពេញ)៖ មូលនិធិមិត្តភាពចិនដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ តាមរយៈការិយាល័យសហប្រតិបត្តិការអន្តរជាតិនិងអភិវឌ្ឍន៍ នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អំណោយជាសម្ភារបរិក្ខារពេទ្យ សម្រាប់ប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ជូនក្រសួងសុខាភិបាល។
ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រួមជាមួយ លោកឧកញ៉ា ចាវ អ៊ិនទ័រ នាយកការិយាល័យសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍ ដែលប្រព្រឹត្ដទៅនារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ។
ការិយាល័យសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍ បានផ្តល់នូវអំណោយសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ រួមមាន៖
១៖ ម៉ាសវេជ្ជសាស្ត ចំនួន ៥០០,០០០ម៉ាស
២៖ ម៉ាស៊ីនវិភាគសំណាករកវីរុសកូវីដ-១៩ (Nucleic Acid Detection Analyzer) ចំនួន ៣គ្រឿង
៣៖ ប្រេង (Sea buckthom Seeds Oil) ចំនួន ៥០០ដប ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ការិយាល័យ សហប្រតិបត្តិការអន្តរជាតិនិងអភិវឌ្ឍន៍ នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយ ជំងឺកូវីដ-១៩ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា របស់ការិយាល័យសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍ នៃសាធារណរដ្ឋប្រជាមានិតចិន គឺជាកាយវិការនៃវប្បធម៌ ចែករំលែកជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលនៃជំងឺកូរីដ-១៩ ឱ្យបានកាន់តែឆាប់រហ័ស។
សូមជម្រាបថា សម្ភារបរិក្ខារពេទ្យដែលទទួលបានពីមូលនិធិមិត្តភាពចិនដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ តាមរយៈការិយាល័យសហប្រតិបត្តិការអន្តរជាតិនិងអភិវឌ្ឍន៍ នៃសាធារណរដ្ឋប្រជាមានិតចិន ក្រសួងសុខាភិបាល បានប្រគល់បន្ដជូនដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ប្រើប្រាស់ឆ្លើយតបនឹងជំងឺកូវីដ១៩៕