(កំពង់ធំ)៖ អាជ្ញាធរជាតិសំបូរព្រៃគុក នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានច្រានចោលការផ្សាយព័ត៌មាន ដែលចោទប្រកាន់ថា អាជ្ញាធរជាតិសំបូរព្រៃគុក បានអនុវត្តលំអៀងលើការចេញច្បាប់អនុញ្ញាតសាងសង់សំណង់របស់ប្រជាពលរដ្ឋ នៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិសំបូរព្រៃគុក បានបញ្ជាក់ថា កាលពីថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៣ រសៀល វាគ្មិន ឬអ្នកបកស្រាយព័ត៌មានរបស់សារព័ត៌មានទូរទស្សន៍ស្លឹករឹត បានផ្សព្វផ្សាយផ្ទាល់ដោយបានចោទប្រកាន់មកលើអាជ្ញាធរជាតិសំបូរព្រៃគុកថា បានអនុវត្តលំអៀងលើការចេញច្បាប់អនុញ្ញាតសាងសង់សំណង់របស់ប្រជាពលរដ្ឋនៅភូមិចំណារ និងសំណង់ថ្មដែលបានជួលឱ្យធនាគារអេស៉ីលីដានៅភូមិសំបូរ ក្នុងតំបន់ការពាររមណីយដ្ឋានប្រាសាទសំបូរព្រៃគុក។
អាជ្ញាធរជាតិសំបូរព្រៃគុក បានច្រានចោលទាំងស្រុងនូវការបកស្រាយព័ត៌មានខុសការពិត ដែលធ្វើឡើងដោយអ្នកសារព័ត៌មានទូរទស្សន៍ស្លឹករឹត ហើយបានទាមទារឱ្យសារព័ត៌មានមួយនេះ ទទួលខុសត្រូវលើការកែតម្រូវព័ត៌មានមិនពិតនេះឡើងវិញ ដើម្បីកុំឱ្យសាធារណជនមានការយល់ច្រឡំលើការអនុវត្តរបស់អាជ្ញាធរជាតិសំបូរព្រៃគុក និងនគរបាលការពារបេតិកភណ្ឌជាដើម។
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិសំបូរព្រៃគុក៖