(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានបញ្ជាដល់កងកម្លាំងជួរមុខ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទប់ស្កាត់ឱ្យខានតែបានចំពោះការលួចឆ្លងដែននៅតាមច្រករបៀងនានា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី «ដែលតា»។
វិធានការបិទព្រំដែនរយៈពេលពីរសប្តាហ៍នឹងត្រូវបិទបញ្ចប់នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះហើយ។ ការណ៍នេះអាចនឹងមានពលករខ្មែរកាន់តែច្រើនត្រឡប់ពីថៃចូលមកកម្ពុជាវិញ។
ដោយយោងតាមការណែនាំរបស់លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនោះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានប្រាប់ទៅកងកម្លាំងរបស់ខ្លួន ដែលឈរជើងតាមបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ទប់ស្កាត់ឱ្យបានជាដាច់ការលួចឆ្លងដែនតាមច្រករបៀង។
សូមបញ្ជាក់ថា ក្នុងកំលុងពេលបិទខ្ទប់ព្រំដែនរយៈពេលពីរសប្តាហ៍កន្លងទៅនេះ កងកម្លាំងនៅព្រំដែនបានឃាត់ពលករ ឱ្យនៅសម្រាកបណ្តោះអាសន្ននៅព្រំដែន សរុបចំនួន ១៤៧នាក់ ប្រុស ៧៥នាក់ ស្រី ៧២នាក់ និងកុមា៤នាក់។
ពលករទាំងអស់ និងបញ្ជូនទៅត្រួតពិនិត្យសុខភាពនៅច្រកអូរបីជាន់ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ អំពាវនាវដល់ពលករខ្មែរ កុំចាញ់បោកមេខ្យល់ ឬការញុះញង់លួចឆ្លងដែនដោយខុសច្បាប់ ដែលនាំឱ្យខាតបង់ថវិកា និងអាចនាំឱ្យគ្រោះថ្នាក់ផងដែរ៕