(រតនគិរី)៖ ក្រុមគ្រូពេទ្យក្នុងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី បានជួយសម្រាលកូន ដល់ស្ត្រីវិជ្ជមានជំងឺកូវីដ១៩ ចំនួន២នាក់ បានដោយជោគជ័យ ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
តាមលោកស្រីវេជ្ជបណ្ឌិត ច័ន្ទ សុខលី ដែលប្រចាំការព្យាបាលនៅមណ្ឌលព្យាបាលខាងលើ បានឱ្យដឹងថា ស្ត្រីទាំង២នាក់ ទី១៖ ឈ្មោះ វ៉ា សំណាង អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង បានសម្រាលកូនដោយជោគជ័យ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ នៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី និងទី២៖ ឈ្មោះ រើយ ស្លឹក ជនជាតិខ្មែរ អាយុ៣១ឆ្នាំ រស់នៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ បានសម្រាលកូនដោយជោគជ័យ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នាវេលាម៉ោង១២ថ្ងៃត្រង់។
លោកស្រីវេជ្ជបណ្ឌិត បានបន្តថា ស្រ្តីដែលក្រុមគ្រូពេទ្យជួយសម្រាលកូនដោយជោគជ័យមានឈ្មោះ វ៉ា សំណាង គឺជាស្ត្រីដែលក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានធ្វើតេស្តរកឃើញវិជ្ជមាន កូវីដ១៩ កាលពីថ្ងៃទី១ ខែកក្កដា ហើយបានសម្រាលកូននៅថ្ងៃទី៥ ខែកក្កដា ដោយសុវត្ថិភាពទាំងម្ដាយទាំងកូន។
តាមលោកស្រីវេជ្ជបណ្ឌិត ច័ន្ទ សុខលី បានបញ្ជាក់ថា បច្ចុប្បន្នទាំងម្តាយ និងកូន ត្រូវបានមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលព្យាបាលផ្ទាល់។ ចំណែកឯស្ត្រីដែលមានឈ្មោះ រើយ ស្លឹក ត្រូវបានក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានរកឃើញវិជ្ជមានកូវីដ១៩ ខណៈដែលស្ត្រីរូបនេះបានឈឺពោះ ហើយមកមន្ទីរពេទ្យបង្អែកខេត្ត នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ តែស្ត្រីរូបនេះត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកសម្រាកព្យាបាលនៅវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ចាប់ពីពេលនោះមកហើយមកដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក៏បានសម្រាលកូនដោយជោគជ័យទាំងម្ដាយទាំងកូន ដោយក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ហ៊ុនសែន ភូមិថ្មី នាវេលាម៉ោង១២ថ្ងៃត្រង់នេះ។
លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថាចំពោះស្ត្រីទាំង ២នាក់ខាងលើ គឺសម្រាលបានកូនស្រីដូចគ្នា។ ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ក៏ដូចជាក្រុមគ្រួសារ អ្នកជំងឺបានសម្ដែងការគោរព កោតសរសើរចំពោះការតាំងចិត្តភាពអង់អាច ក្លាហាន របស់ក្រុមគ្រូពេទ្យជួរមុខបានលះបង់ទាំងផ្លូវកាយ ផ្លូវចិត្តក្នុងការបម្រើសេវាសុខភាព និងសង្គ្រោះប្រជាពលរដ្ឋក្នុងបរិបទកូវីដ១៩៕