(ព្រៃវែង)៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានផ្តល់បទសម្ភាសន៍ដល់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រៃវែង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ដោយត្អួញត្អែរពីតម្លៃអំពៅធ្លាក់ចុះខ្លាំង ដោយសារតែវិបត្តិរាតត្បាតជំងឺកូវីដ១៩ រីករាលដាលនៅក្នុងសហគមន៍។
ប្រជាពលរដ្ឋដែលតែងតែប្រកបមុខរបរធ្វើស្រែផង និងដាំដើមអំពៅផងនោះ បានលើកឡើងថា តម្លៃអំពៅធ្លាក់ថ្លៃដោយសារជំងឺកូវីដ១៩ នៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ រាល់ឆ្នាំមានតម្លៃថ្លៃគួរសម តែនៅឆ្នាំនេះវិញមានការធ្លាក់ថ្លៃបន្តិច ដោយសារស្ថានភាពជំងឺកូវីដ១៩ រីករាលដាលនៅក្នុងសហគមន៍។
ប្រជាពលរដ្ឋបានបន្តថា «ជារៀងរាល់ឆ្នាំអំពៅក្នុង ១ហិកតា មានតម្លៃពី ២៥លានរៀល ទៅ៣០លានរៀល ហើយនៅឆ្នាំនេះវិញអំពៅហាក់បីដូចជាធ្លាក់ចុះបន្តិចដោយក្នុងមួយហិចតាអំពៅមធ្យមនៅបានតែ១៦ ទៅ ២៥លានរៀលតែប៉ុណ្ណោះ»។
ប្រជាពលរដ្ឋរូបនេះ បានបញ្ជាក់ថា «ចំពោះបញ្ហានៃការធ្លាក់ថ្លៃខាងលើនេះ ដោយសារវិបត្តិនៃជំងឺកូវីដ១៩ ដែលបណ្ដាលឱ្យមានការបិទរោងចក្រមួយចំនួន និងឈ្មួញមកទិញក៏មិនដឹងយកទៅលក់នៅឯណា ហើយមានការភ័យខ្លាចការឆ្លងរោគផងដែរ»។
បើតាមលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានលើកឡើងពាក់ព័ន្ធទៅនឹងការធ្លាក់ថ្លៃអំពៅនេះថា «ការដាំអំពៅឆ្នាំនេះ មានការថយចុះខ្លះ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ដោយឆ្នាំនេះទូទាំងខេត្តព្រៃវែង មានបងប្អូនប្រជាពលរដ្ឋដាំអំពៅប្រមាណ ៥៩១ហិកតា បើធៀបនឹងឆ្នាំទៅមានចំនួនជាង ៦០០ហិកតា ថយចុះមិនដល់ ១០០ហិកតានោះទេ។ ចំណែកឯតម្លៃក៏មានការធ្លាក់ចុះផងដែរ ដោយកាលពីឆ្នាំកន្លងទៅ ក្នុង ១ហិកតា ពី២៥ ទៅ ៣០លានរៀល ហើយឆ្នាំនេះ បានតែពី ១៦លានរៀល ទៅ ២៥លានរៀលតែប៉ុណ្ណោះក្នុង ១ហិកតា»៕