(ព្រៃវែង)៖ សមាជិកគណ:កម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយ ស្រុកពោធិ៍រៀង និងជាប្រធានក្រុមការងារ ចុះជួយឃុំកំពង់ឫស្សី បាននាំដំណឹងដ៏រីករាយពីការបញ្ចុះ តម្លៃអគ្គិសនីរបស់ អាជ្ញាធរអគ្គិសនីកម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ជូនសមាជិក សមាជិកាគណបក្សប្រជាជនរបស់ខ្លួនដែលនេះ គឺជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ថែមមួយកម្រិតទៀត ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។
លោក ឯម សំណាង នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន៥២២នាក់ នៅឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។
ប្រធានក្រុមការងារចុះជួយឃុំកំពង់ឫស្សីរូបនេះ បានថ្លែងទៅកាន់ប្រជាពលរដ្ឋទាំងអស់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន បានសម្រចបញ្ចុះតម្លៃអគ្គិសនីពី១០៥០រៀល មកត្រឹម៤៨០រៀល ចំពោះអ្នកប្រើប្រាស់ចាប់ពី១០គីឡូវ៉ាតម៉ោងចុះក្រោម និងចំពោះអ្នកប្រើចាប់ពី១០គីឡូវ៉ាតម៉ោងឡើងទៅ គឺត្រឹម៧៨០រៀល។
ជាមួយគ្នានេះលោក ឯម សំណាង ក៏បានជំរុញទៅមន្រ្តីនគរបាលប៉ុស្តិ៍ មូលដ្ឋានត្រូវបង្កើនការធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋនៅតាមភូមិបានគ្រប់ៗគ្នា ដើម្បីត្រៀមចូលរួមបោះឆ្នោត នាពេលខាងមុខ និងដើម្បីយកទៅប្រើប្រាស់ តាមតម្រូវការរបស់ខ្លួនប្រចាំថ្ងៃ។
ជុំវិញនឹងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព លោក ឯម សំណាង បានប្រាប់ទៅកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន មានប្រជាការពារភូមិ ត្រូវចូលរួមសហការគ្នា ទប់ស្កាត់បទល្មើសនានា ដែលអាចកើតមានឡើង ជាពិសេសអំពើចោរកម្ម ប្លន់ ហិង្សា ជាពិសេសគឺបញ្ហាគ្រឿងញៀនជាដើម ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋរបស់យើង កាន់តែប្រសើរឡើង។
ជាចុងក្រោយលោកក៏បានណែនាំ ទៅកាន់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៌របស់ជាតិ បានគ្រប់ៗគ្នា គឺពេលបើកម៉ូតូត្រូវពាក់មួកសុវត្ថិភាព ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ ដែលបានម្លាប់ជីវិតមនុស្សជារៀងរាល់ថ្ងៃនេះ៕