(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមមណ្ឌលចត្តាឡីស័ករួចរាល់ហើយ សម្រាប់ទទួលបងប្អូនពលករមកពីក្រៅប្រទេស ជាពិសេសប្រទេសថៃ ដែលអាចមានសមត្ថភាពទទួលបានជាង ៧,០០០នាក់ ខណៈពេលនេះអាជ្ញាធរកំពុងរៀបចំជាបន្តបន្ទាប់ដែលមានការខ្វះខាតសម្ភារស្នាក់នៅ។
ការលើកឡើងបែបនេះរបស់លោក អ៊ុន ចាន់ដា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីអំពីការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ សម្រាប់ពលករមកពីប្រទេសថៃ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំផ្ទះក្រញូង ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា «បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត បានរៀបចំការធ្វើចត្តាឡីស័ក និងព្យាបាលបែងចែកទៅតាមប្រភេទជំងឺកូវីដ១៩ ធម្មតា និងប្រភេទដែលតា ពីព្រោះប្រភេទដែលតានេះ គឺមានការឆ្លងលឿន និងកាចសាហាវ ដែលងាយរងគ្រោះដល់អាយុជីវិតប្រជាពលរដ្ឋ»។
លោកអភិបាលខេត្ត បានបន្តថា កន្លងមកនេះរដ្ឋបាលខេត្ត បានរៀបចំមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ១៩ បានចំនួន២កន្លែង គឺមន្ទីរពេទ្យមេគង្គសម្រាប់ព្យាបាលជំងឺកម្រិតធ្ងន់ និងមន្ទីរពេទ្យវិទ្យាល័យព្រះសីហនុ សម្រាប់អ្នកជំងឺកម្រិតស្រាល។ ប៉ុន្តែដោយសារនៅពេលឆាប់ៗ ខាងមុខនេះ វិទ្យាល័យព្រះសីហនុ និងបើកឱ្យសិស្សចូលរៀនវិញ ដូច្នេះកន្លែងព្យាបាលមួយនេះត្រូវផ្ទេរ មណ្ឌលព្យាបាលភ្នំប្រុស ភ្នំស្រីវិញ ដោយប្រើប្រាស់អាគារពាណិជ្ជកម្ម ធ្វើជាកន្លែងព្យាបាលអ្នកជំងឺប្រភេទដែលតា អាចដាក់បានចំនួន ៣១២គ្រែ និងបំពាក់សម្រាប់សង្គ្រោះបន្ទាន់២០គ្រែ និងនៅសល់ជាង ៦០០គ្រែទៀត សម្រាប់ព្យាបាលអ្នកជំងឺកូវីដប្រភេទធម្មតា។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក៏បានរៀបចំមណ្ឌលធ្វើចត្តាឡីស័កសម្រាប់ពលករ ដោយនៅក្នុងសាលាគរុកោសល្យភូមិភាគបន្ថែម ៤អគារទៀត និងឃ្លាំងពាណិជ្ជកម្ម ក្នុងក្រុងកំពង់ចាម បូករួមទាំងឃ្លាំងពាណិជ្ជកម្ម១ទៀត នៅក្នុងស្រុកកងមាស រួមទាំងមណ្ឌលធ្វើចត្តាឡីស័ក នៅតាមបណ្ដាលស្រុកទាំង៩ ផងដែរ។
លោក អ៊ុន ចាន់ដា បានបន្ថែមទៀតថា «ដោយសារតែមណ្ឌលធ្វើចត្តាឡីស័ក នៅតាមបណ្ដារស្រុក ភាគច្រើនជាសាលារៀន ដូច្នេះក្នុងពេលមិនយូរខាងមុខនេះ នឹងត្រូវយកសាលារៀនបើកឱ្យសិស្សចូលរៀនវិញ។ ហេតុនេះហើយ ការរៀបចំកន្លែងមណ្ឌលចត្តាឡីស័ក និងមណ្ឌលសម្រាប់ព្យាបាលនៃឃ្លាំងពាណិជ្ជកម្មទាំង៣នេះ គឺជួបប្រទះការខ្វះខាតសម្ភារៈស្នាក់នៅឱ្យបានសមរម្យ សម្រាប់បងប្អូនពលករ ដែលចូលធ្វើចត្តាឡីស័កនៅទីនោះ»។
ជាងនេះទៅទៀត រដ្ឋបាលខេត្តក៏បានរៀបចំពហុកីឡាដ្ឋានមួយកន្លែងដែរ ក្នុងក្រុងកំពង់ចាម ធ្វើជាមណ្ឌលចត្តាឡីស័កប្រសិនបើមានការកើនឡើង ពលករមកពីក្រៅប្រទេសនោះដែលអាចទទួលពលករបានប្រមាណជា ៣,០០០នាក់។
ដោយឡែកចំពោះ អ្នកពាក់ព័ន្ធក្នុង «សហគមន៍ ២០ កុម្ភៈ» គឺរដ្ឋបាលខេត្តតម្រូវឱ្យពួកគាតធ្វើចត្តាឡីស័កនៅតាមផ្ទះ ដោយអនុវត្តទៅតាមវិធានសុខាភិបាល។ ប៉ុន្តែត្រូវតែគិតគូរអំពីជីវភាពរបស់ពួកគាត់ ពោលគឺផ្ដល់ជូនជាស្បៀងអាហារដល់ពួកគាត់ ដោយសារតែពួកគាត់មិនអាចចេញក្រៅប្រកបមុខរបរបាន៕