(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចបិទខ្ទប់ទីតាំងផ្សារលក់ដូរទាំងអស់នៅក្នុងមូលដ្ឋានខេត្ត រយៈពេល១សប្តាហ៍ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាល់ការឆ្លងរាលដាល ក្នុងសហគមន៍នៃមេរោគកូវីដ១៩ ជាពិសេសមេរោគកូវីដ១៩ ប្រភេទថ្មី Delta នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។
បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែសីហានេះ បានបញ្ជាក់បន្ថែមទៀតថា ក្នុងអំឡុងពេលបិទខ្ទប់ទីតាំងជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុង ស្រុក ដែលពាក់ព័ន្ធខាងលើត្រូវអនុវត្តរួមមាន៖
*ហ៊ុព័ទ្ធ និងផ្អាកការចេញ-ចូលទីតាំងទាំងនេះ។
*កំណត់ទីតាំងលក់ដូរជាបណ្តោះអាសន្ន នៅទីកន្លែងសមស្រប ធំទូលាយ សម្រាប់ការលក់ដូរគ្រឿងឧបភោគបរិភោគ បន្លែ ត្រី សាច់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃចាំបាច់ផ្សេងៗ ដោយត្រូវមានគម្លាតទីតាំងលក់ដូរពីមួយទៅមួយចន្លោះពី ៥ម៉ែត្រ ទៅ៧ម៉ែត្រ។ ក្នុងករណីការរៀបចំគម្លាតនេះពុំបាន គឺត្រូវផ្អាកដូចការលក់ដូរប្រភេទឥវ៉ាន់ ទំនិញផ្សេងៗទៀតដែរ។
*ចំពោះទីតាំងលក់ដូរកន្លែងណាមួយដែលបានកំណត់ឱ្យលក់ដូរជាបណ្តោះអាសន្ន ដូចចំណុចទី២ នៅតែមិនមានលក្ខណៈសមស្រប រដ្ឋបាលក្រុង-ស្រុកពាក់ព័ន្ធខាងលើ ត្រូវចុះបិទទីតាំងលក់ដូរនេះភ្លាមៗ ដោយមិនរងចាំការសម្រេចពីរដ្ឋបាលខេត្តទេ។
*កំណត់ឱ្យអ្នកលក់ និងអ្នកទិញ ពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពបុគ្គល និងមានទឹកអាល់កុល ឬជែល សម្អាតដៃជាប់ជាប្រចាំ។
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង៖