(សៀមរាប)៖ នៅព្រឹកថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៦ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររបស់គណ:កម្មាធិការកណ្តាលចុះជួយខេត្តសៀមរាប បានអញ្ជើញជាធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលនានា ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ស្នាក់ការគណបក្ស ខេត្តសៀមរាប មានស្នាក់ការគណបក្សក្រុង-ស្រុក ចំនួន១២ លើ១២ក្រុង-ស្រុក ធ្វើអំពីថ្ម ស្នាក់ការគណបក្សឃុំសង្កាត់មានចំនួន ៨៧លើ១០០ ឃុំ-សង្កាត់ ក្នុងនោះធ្វើអំពីថ្មចំនួន ៦៥និងធ្វើអំពីឈើចំនួន ២២។
ដោយឡែកនៅស្រុកប្រាសាទបាគង ដោយមានការដឹកនាំពី លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ប្រធានក្រុមការងាររបស់គណ:កម្មាធិការកណ្តាលចុះជួយខេត្តសៀមរាប លោក ស៊ុ សំណាង ប្រធានកិត្តិយស និងក្រុមការងារខេត្តចុះជួយស្រុកប្រាសាទបាគង បានរៀបចំកែសម្រួលអគារស្នាក់ការចាស់ ពង្រីកថ្មី ដែលមានទំហំបណ្តោយ ៣១,៤៥ ម៉ែត្រ និងទទឹង ១៥ ម៉ែត្រ។
អគារនេះមានបន្ទប់ធ្វើការចំនួន ០៥បន្ទប់ បន្ទប់ដាក់សម្ភារ:ចំនួន ០១បន្ទប់ បន្ទប់ប្រជុំតូចចំនួន ០១បន្ទប់ បន្ទប់ប្រជុំធំចំនួន ០១បន្ទប់ បន្ទប់ទឹកនិងបង្គន់ចំនួន ០៦បន្ទប់ ព្រមទាំងបំពាក់គ្រឿងសង្ហារឹមសម្រាប់ធ្វើការងារគ្រប់បន្ទប់បន្ថែមទៀត រៀបចំអគារ ០១ខ្នង មាន០២បន្ទប់ សម្រាប់មន្រ្តីស្នាក់ការគណបក្សស្នាក់នៅ រៀបចំចាក់ដីទីធ្លាស្នាក់ការ ជីកស្រះ ០១កន្លែង ដែលមានបណ្តោយប្រវែង ១១៦ម៉ែត្រ និងទទឹងប្រវែង ២៦ម៉ែត្រ ព្រមទាំងរៀបចំសួនដំណាំ មានក្រូចឆ្មាចំនួន ២៨០ដើម ផ្កាម្លិះចំនួន ១២០០ដើម ដំណាំរយ:ពេលខ្លី និងបានរៀបចំប្រព័ន្ធទឹកស្រោចស្រពសម្រាប់ដំណាំនោះ រៀបចំបំពាក់ភ្លើងអគ្គីសនី ពន្លឺព្រះអាទិត្យចំនួន១៨អំពូល រៀបចំរបងថ្មប្រវែង ៤០១ម៉ែត្រ ខ្លោងទ្វារថ្មី និងស្លាកសញ្ញាគណបក្ស ជួយធ្វើផ្លូវជូនសហគមន៍ប្រជាជន ០១ខ្សែប្រវែង ៤១១ម៉ែត្រ និងអន្លុងជីកំប៉ុសប្រវែង ៧,៥០ម៉ែត្រ x ៤ម៉ែត្រ ។ ការកសាងទីស្នាក់ការបក្សធ្វើការសាងសង់អស់ថវិកាសរុប ចំនួន ១៨៨.៨២៩ ដុល្លារសហរដ្ឋអាមេរិក៕