(ភ្នំពេញ)៖ ជីវិតកាន់តែងាយស្រួលឡើងៗ សម្រាប់ជនមានពិការភាពនៅកម្ពុជា។ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហានេះ ផ្លូវជម្រាលចំនួន២២ ត្រូវបានដាក់សម្ពោធជាផ្លូវការសម្រាប់ខេត្តចំនួន៥ រួមមានខេត្តកំពង់ស្ពឺ កំពង់ចាម សៀមរាប បាត់ដំបង និងក្រចេះ។ ផ្លូវជម្រាលដែលគោរពទៅតាមបទដ្ឋានស្តង់ដារពិការភាពសម្រាប់ជនមានពិការភាពទាំងនោះត្រូវបានធ្វើឡើងនៅឃុំចំនួន២២ ។ ក្នុងពេលជាមួយគ្នានេះដែរ វីដេអូអប់រំស្តីពីបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ឋរូបវន្តបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព ត្រូវបានបញ្ចូលអត្ថន័យអប់រំនិងណែនាំនៅក្នុងវីដេអូអប់រំ ផ្សព្វផ្សាយបែបគំនូរជីវចលចំនួន៥ ដែលវីដេអូនីមួយៗទាក់ទងនឹងចំណុចមួយផ្នែកនៃបទដ្ឋាន បច្ចេកទេសសម្រាប់ការបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព ក៏ត្រូវបានប្រកាសឱ្យផ្សព្វផ្សាយជាសាធារណៈ។
គម្រោងទាំងពីរនេះត្រូវបានគាំទ្រដោយស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាសម្រាប់សេវាកម្មប្រកបដោយនិរន្តរភាពនិងសមធម៌ឬកម្មវិធី ACCESS ។
កម្មវិធី ACCESS គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលអូស្រ្តាលី ដាក់ឱ្យអនុវត្តរយៈពេល ៥ឆ្នាំនៅកម្ពុជា ដែលកម្មវិធីនេះនឹងត្រូវដំណើរការរហូតដល់ឆ្នាំ២០២៣។ ACCESS គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អូស្រ្តាលីក្នុងការគាំទ្រសិទ្ធិមនុស្ស សមភាពយេនឌ័រ និងការអភិវឌ្ឍជនមានពិការភាពនៅកម្ពុជា។
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៍ថា សមិទ្ឋផលជម្រាលទាំង២២កន្លែង ដែលត្រូវបានដាក់សម្ពោធនិងប្រកាសឱ្យប្រើប្រាស់នាថ្ងៃនេះ ថ្វីត្បិតតែស្ថិតនៅក្នុងបរិមាណតិចយ៉ាងណាក្តី បើប្រៀបធៀបទៅនឹងសេចក្តីត្រូវការនៅទូទាំងប្រទេស ប៉ុន្តែវាជាគំរូជាក់ស្តែងមួយដែលស្ថាប័នសាធារណៈនិងឯកជន ឬបុគ្គលអ្នកសប្បុរស ឬជាងសំណង់ប្រកាន់យកជាខ្នាតគំរូសម្រាប់សំណង់បន្តបន្ទាប់នៅទូទាំងប្រទេស។
រដ្ឋលេខាធិការសង្គមកិច្ច លោក ឯម ច័ន្ទមករា បានបន្តទៀតថា «ការងារពិការភាព មានភាពធំធេង ទូលំទូលាយ មានការប្រទាក់ក្រឡាគ្នា ហើយក៏ស្មុគស្មាញណាស់ដែរ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ និងរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រី បច្ចេកទេសទាំងអស់បានព្យាយាម និងពុះពារការលំបាក ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍសំដៅធ្វើឱ្យវិស័យពិការភាពកាន់តែប្រសើរឡើងនិងបង្កើនគុណភាពជីវិតរបស់ជនមានពិការភាព។ ក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋាភិបាលកម្ពុជានិងអូស្ត្រាលី ប្រទេសកម្ពុជាកំពុងទទួលបានការគាំទ្រលើវិស័យពិការភាពនិងយេនឌ័រក្រោមយន្តការវិនិយោគប្រកបដោយការប្រកួតប្រជែង គ្រប់គ្រងនិងដំណើរការដោយ កម្មវិធីACCESS»។
លោករដ្ឋលេខាធិការសង្គមកិច្ច បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលីចំពោះការជួយគាំទ្រដល់កម្ពុជាតាមកម្មវិធី ACCESS ដែលបានពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋាភិបាលនិងស្ថាប័នអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការ តំណាងសំឡេងជនមានពិការភាពបានខ្លាំងក្លាជាងពេលមុន។
ឯកអគ្គរដ្ឋទូតរងអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Andreas Zurburgg បានគូសបញ្ជាក់ថា ការលើកកម្ពស់និងការពារសិទ្ធិជនមានពិការភាពនៅកម្ពុជាគឺជាការយកចិត្តទុកដាក់របស់ស្ថានទូត។
លោកបន្តថា បរិយាកាសអំណោយផលដែលផ្តល់នូវស្តង់ដារ និងលទ្ធភាពគ្រប់គ្រាន់បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាពបានចូលរួមយ៉ាងពេញលេញនៅក្នុងសង្គមនិងទទួលបានកម្រិតជីវភាពល្អប្រសើរ។
ការបង្កលក្ខណៈងាយស្រួលសម្រាប់ដូចជាការដឹកជញ្ជូន ចំណតយានយន្ត និងអគារសាធារណៈដូចជា សាលារៀន កន្លែងធ្វើការ សាលាឃុំ និងមណ្ឌលសុខភាពនឹងជួយដល់ស្ត្រីបុរសនិងកុមារដែលមានពិការភាពបានចូលរួមសកម្មភាពប្រចាំថ្ងៃដែលនឹងធ្វើមនុស្សភាគច្រើនចូលរួមត្រែអរនិងយល់ស្រប។
សម្រាប់កុមារសាលារៀនដែលមានការបង្កលក្ខណៈងាយស្រួលអាចធ្វើឱ្យមានភាពខុសគ្នារវាងការទទួលបានការអប់រំឬការបោះបង់ការសិក្សា។ សម្រាប់ស្ត្រីនិងបុរសពេញវ័យមានពិការភាព ការបង្កើតឱ្យមានបទដ្ឋាននៃការបង្កលក្ខណៈងាយស្រួលអាចប្រែទៅជាឱកាសការងារនិងបង្កើនការរំពឹងទុកនៃជីវភាពរស់នៅប្រកបដោយនិរន្តរភាពសម្រាប់គ្រួសាររបស់ពួកគេ ហើយក៏ជាប្រយោជន៍សេដ្ឋកិច្ចរបស់សហគមន៍ និងឃុំក្នុងតំបន់របស់ពួកគេផងដែរ៕