(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានគណៈប្រតិបត្តិ នៃគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ ទទួលបន្ទុកអនុគណៈកម្មការបច្ចេកទេស និងព្យាបាលបានចុះទៅពិនិត្យវឌ្ឍនភាព មណ្ឌលព្យាបាលធំៗ២កន្លែង នៅខេត្តបន្ទាយមានជ័យ ដែលសាងសង់ឡើងសម្រាប់ព្យាបាលជូនបងប្អូនពលករខ្មែរ ដែលវិលត្រលប់ពីប្រទេសថៃ ក្នុងករណីដែលមានជំងឺកូវីដ១៩។

ពិធីចុះពិនិត្យនេះ ដោយមានការអមដំណើរដោយនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងទទួលជាប្រធានអនុគណៈកម្មាការសាងសង់ នៃគណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ១៩ នាល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។

មណ្ឌលព្យាបាលធំទាំង ២កន្លែងនោះទី១៖ មានទីតាំងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលជាអតីតគម្រោងរោងចក្រមួយមានផ្ទៃដី ២ហិចតា ក្នុងនោះ ផ្ទៃអគារ ១,២ហិកតា ដែលអាចដាក់ចំណុះអ្នកជម្ងឺបានចំនួន ៣,០០០នាក់ និងទី២៖ នៅគម្រោងផ្សារអ៊ឹងវណ្ណម៉ៅចម្ការតាដោកនា ភូមិចម្ការតា ដោកឃុំឬស្សី ក្រោកស្រុកមង្គលបូរី ដែលអាចដាក់ចំណុះអ្នកជំងឺ បានចំនួន ៣,០០០នាក់ដែរ។

លោក អ៊ុំ រាត្រី ប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យ និងក្រុមការងារបានរាយការណ៍ពីលទ្ធផលការងាររៀបចំសាងសង់ និងការត្រៀមបើកឱ្យដំណើរបាន ហើយផ្នែកហេដ្ឋារចនាសម្ព័ន្ធនូវមណ្ឌលព្យាបាលធំ ខាងលើ គឺនៅឡើយតែផ្នែកសេវា និងការដាក់ចូលនូវគ្រូពេទ្យ និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចតែប៉ុណ្ណោះ។

សូមរំឮកថា នៅក្នុងខេត្តបន្ទាយមានជ័យ មានមណ្ឌលព្យាបាល និងមន្ទីរពេទ្យសាធារណៈ សម្រាប់ពិនិត្យថែទាំអ្នកជំងឺកូវីដ១៩ ចំនួន១៥កន្លែង។ ចំណែកមណ្ឌលចត្តាឡីស័កមាន ២៤កន្លែង ហើយមកទល់ដើមខែសីហានេះ មានអ្នកជំងឺកូវីដ១៩ ដែលបាននឹងកំពុងព្យាបាលមានចំនួន ៤,៥៩៩នាក់ និងអ្នកធ្វើចត្តាឡីស័កចំនួន ៤,៥៦៤នាក់។ ចំពោះមុខមន្ទីរ និងរដ្ឋបាលខេត្តកំពុងរៀបចំមណ្ឌលព្យាបាល និងមន្ទីរពេទ្យ ៦កន្លែងទៀត គឺរួមទាំងមណ្ឌលព្យាបាលយក្សទាំង២ខាងលើផងដែរ៕